ប៉ូលិសខណ្ឌសែនសុខបានឃាត់មនុស្ស៦នាក់លេងល្បែង និងវាយតប់គ្នា

ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានឃាត់មនុស្ស៦នាក់ក្នុង២ករណីផ្សេងគ្នា គឺមនុស្ស៣នាក់ពាក់ព័ន្ធលេងល្បែងស៊ីសងនិង៣នាកទៀតប្រើអំពើហិង្សាវាយតប់គ្នា។

ករណីទី១-ប៉ូលិសប៉ុស្តិ៍ឃ្មួញបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី លេងល្បែងស៊ីសង (លេងបៀរ)  នៅចំណុចតាមផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី២៤ កក្កដា ២០១៧ វេលាម៉ោង៣រសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់រួមមាន ១-ឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់បន្លែ ស្នាក់ផ្ទះលេខ១០៧ ផ្លូវ២១៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២-ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់ផ្ទះលេខ១០៧ ផ្លូវ២១៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  និង៣-ឈ្មោះ យាំ សំអុល ភេទស្រី អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្ទះលេខ១៥៣ ផ្លូវ២១៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈដកហូត បៀរចំនួន ០៣ហ៊ូ, លុយរៀលចំនួន ៣១.០០០ រៀល និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងល្បាត ប៉ុស្តិ៍ឃ្មួញបានធ្វើការល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចកើតហេតុបានឃើញជនសង្ស័យចំនួន ០៣ នាក់ កំពុងលេងបៀរ នៅចំណុចខាងលើ និងបាននាំខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាង យកមកធ្វើការ សាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខតែម្ដង។ 

ករណីទី២-មានអំពើហិង្សាដោយចេតនាវាយគ្នាទៅវិញ ទៅមកកើតឡើងនៅថ្ងៃទី២៤ កក្កដា ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់ហើយ ត្រូវបានប៉ូលិសប៉ុស្តិ៍ភំ្នពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ភាគីទី១ ៖ ឈ្មោះ ជ័យ សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិវាល​ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ចំណែកភាគីទី២ រួមមាន៖ ១-ឈ្មោះ ធុយ ស៊ីថា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់នៅរោងកម្មករ ភូមិ ច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង២-ឈ្មោះ យេន សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់នៅរោងកម្មករ ភូមិ ច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារៈបន្សល់ទុក ដុំថ្មចំនួន០២ដុំ និងដំបងឈើ០២កំណាត់។

ប៉ូលិសបន្តថា មុនពេលកើតហេតុសមត្ថកិច្ចភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចខាងលើឃើញក្រុមក្មេងទំនើងចំនួន០២ ក្រុម មានគ្នាប្រហែលពី ០៣ ទៅ ០៦ នាក់ កំពុងវាយតប់គ្នាតាមផ្លូវ។

ភ្លាមនោះកម្លាំងល្បាតបានចូលទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ យកមកធ្វើការសាកសួរអធិការ ដ្ឋានខណ្ឌសែនសុខ។ ចំណែកបក្ខពួក នៅសល់ផ្សេងទៀតបានគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕

          

adverise with khmeread