លោក Arsene Wenger: Giroud ចង់នៅបន្តជាមួយ Arsenal ដើម្បីប្រជែងយកកៅអីក្នុងក្រុមជម្រើស

          គ្រូបង្វឹកលោក Arsene Wenger អះអាងថា ខ្សែប្រយុទ្ធ Oliver Giroud ចង់​បន្តនៅជាមួយ​ក្រុម​កាំភ្លើងធំ​ Arsenal តទៅទៀត​ ដើម្បីប្រជែងយកកៅអី​ក្នុងក្រុម ជម្រើស​ បើទោះបីជា​មានការមកដល់របស់​ខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette​ ក៏ដោយ។

          Giroud ពិបាកក្នុងការស្វែងរកឱកាសលេងកាលពីរដូវកាល​មុន ដោយ​បង្ហាញ​មុខបានត្រឹមតែ​១១​លើក​ បន្ទាប់ពីបាត់បង់តំណែងទៅលើកីឡាករ​ Alexis Sanchez ។ កីឡាករសញ្ជាតិ​បារាំង​វ័យ៣០ឆ្នាំ​រូប​នេះ​ អាចនឹង​កាន់តែ​បាត់បង់​ឱកាស​បន្ថែម​ទៀត​ដោយសារតែការមកដល់របស់មិត្តរួមជាតិ Lacazette ដែល​ទើបតែផ្ទេរពីក្លឹប​ Lyon មក​កាន់​ពហុកី​ឡាករដ្ឋាន Emirates Stadium ក្នុងតម្លៃ​៥៣លានផោន។

          ទោះជាយ៉ាងណាលោក Wenger អះអាងថា Giroud ចង់លេងបន្តនៅពហុ​កីឡាដ្ឋាន Emirates និងចង់​បង្ហាញសមត្ថភាពរបស់ខ្លួន។ លោក Wenger បាន​ប្រាប់អ្នក​កាសែតថា “Giroud ចង់បានការប្រកួតប្រជែង​និង​ចង់លេង។ គាត់ប្រឹង​ប្រែង។ ខ្ញុំ​ពេញចិត្ត​និងវិធីឆ្លើយ​តបរបស់គាត់ចំពោះអ្វីដែល​កើតឡើង។ គាត់យក​ចិត្ត​ទុកដាក់​និងមានការ​ប្តេជ្ញា​ចិត្ត”។

          Giroud ត្រូវបានគេភ្ជាប់​ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ​ទៅក្លឹប Everton និង Dortmund នៅ​រដូវក្តៅនេះ ប៉ុន្តែ​គ្មានក្លឹបណាមួយសម្រេចបាន​កិច្ចព្រមព្រៀង​ផ្ទេរ​នេះទេ។​ ចំណែកក្លឹប​ Lyon ក៏បានព្រលយពាក្យថា ពួកគេចង់បាន Giroud ផង​ដែរដែលជាផ្នែកនៃ​កិច្ចព្រមព្រៀងផ្ទេរ Lacazette ប៉ុន្តែ​ប្រធានក្លឹប Lyon ថា លោក Wenger មិនធ្វើការ​ដោះដូរបែបនេះទេ​ ហើយក៏មិនចង់លក់ Giroud ដែរ៕

adverise with khmeread