សែលកាត ឈ្នះពានរង្វាន់ ជាបណ្ដាញសេវាអ៊ីនធឺណេតលឿនជាងគេបំផុតនៅកម្ពុជា Ookla Speedtest Award

ភ្នំពេញ ថ្ងៃទិ២៦ កក្កដា ៖ បន្ទាប់ពីទទួលបានតំណែងជាក្រុមហុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាក្នុងសន្និសីទ IDG 4G នាពេលថ្មីនេះៗ ថ្ងៃនេះសែលកាត(Cellard)បានប្រកាសពី ការឈ្នះពានរង្វាន់ Ookla Speedtest Award របស់ខ្លួន ដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធឺណេតលឿនជាងគេបំផុតនៅកម្ពុជា។

Ookla ជាស្ថាប័នពិភពលោកឈានមុខគេ លើការតេស្ដល្បឿនអ៊ីនធឺណេតដែលរៀបចំការធ្វើតេស្ដប្រចាំឆ្នាំលើបណ្ដាញសេវារបស់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ទូទាំងពិភពលោក។

សែលកាត បានក្លាយជាបណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតក្នុងការធ្វើតេស្ដល្បឿនអ៊ីនធឺណេតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ ដោយល្បឿនអ៊ីនធើណិតជាមធ្យម 13.81Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។

សមិទ្ធផលនេះគឺដោយសារ ការប្រឹងប្រែងក្នុងការកែលម្អគុណភាពសេវា របស់ក្រុមហ៊ុន ដោយបង្កើនចំនួនទីតាំងអង់តែង 4G ពី២០០អង់តែន ក្នុងឆ្នាំ២០១៦ កើន រហូតដល់ ២.០០០ អង់តែន។ នាពេលបច្ចុប្បន្ន នឹងគ្រោងបង្កើនរហូតដល់ ៣.០០០ អង់តែងក្នុងដំណាច់ឆ្នាំនេះ។ បណ្ដាញសេវានេះ អាចត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងសេវា​ 5G នៅដើមខែធ្នូនេះ។

លោក អៀង វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតមានប្រសាសន៍ថា "ការឈ្នះពានរង្វន់ Ookla ជាការឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងចំពោះអតិថិជនក្នុងការផ្ដល់នូវបទពិសោធន៍អ៊ីនធឺណេតល្អបំផុត ហើយក៏ជាកិត្តិយស បំផុតសម្រាប់បេសកកម្ម របស់យើងក្នុងការផ្ដល់នូវសេវាអ៊ីនធឺណេតក្នុងតម្លៃសមរម្យបំផុតដល់ប្រជាជនកម្ពុជា"។

លោកបានបន្តថា "យើងបានប្រកាសក្នុងខែមករាថា យើងចង់កសាងបណ្ដាញសេវាអ៊ីនធឺណេតលឿនបំផុត និងវិសាលភាពដណ្ដប់ធំទូលាយបំផុតនៅកម្ពុជា ហើយពានរង្វាន់នេះក៏បង្ហាញយ៉ាងច្បាស់ថា យើងកំពុងបំពេញតាមការសន្យារបស់យើង"។

​លោកបន្តទៀតថា "យ៉ាងណាក៏ដោយ បេសកកម្មរបស់យើង នៅតែបន្តក្នុងការ កែលម្អគុណភាពសេវាដើម្បីបង្ហាញថា យើងនៅតែជាក្រុមហ៊ុនឈានមុខលើគំនិត ច្នៃប្រឌិត ក្នុងការជំរុញភាពរីកចម្រើនរបស់សង្គមជាតិតាមរយៈវិស័យទូរគមនាគមន៍"។

​ដើម្បីបង្ហាញពីល្បឿនសេវាអ៊ីនធឺណេតលឿនបំផុតនៅកម្ពុជា Ookla បានធ្វើការ ប្រៀបធៀបល្បឿនពីអ្នកប្រើប្រាស់លើកម្មវិធីតេស្ដល្បឿន Speedtest លើប្រតិបត្តិការ ios និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា។

​ក្នុងខែមិថុនា ឆ្នាំនេះ សែលកាត ទទួលបានពានរង្វាន់ជាក្រុមហ៊ុមទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាក្នុងសន្និសីទ IDG ASEAN 4G ចំណាត់ថ្នាក់លេខមួយសម្រាប់បណ្ដាញសេវាគ្របដណ្ដប់ និងគុណភាពសំឡេងល្អបំផុត ហើយឈ្នះជាក្រុមហ៊ុនសេវា 4G ទទួលពេញចិត្តរួមមាន៖ រលកសេវា ,សេវាល្អមិនរអាក់រអួល ,ល្បឿននៃការភ្ជាប់អ៊ីនធឺណេត ,ល្បឿននៃការអាប់ឡូតនិងសេវាខ្លាំង។

​លោក វ៉ាតសុន បានថ្លែងថា ការទទួលស្គាល់លើបណ្ដាញសេវាពី IDG ASEAN 4G និង Ookla ជាការបង្ហាញថា សែលកាតនៅតែខ្លាំងហើយអតិថិជន នៅតែអាចទុកចិត្តបានក្នុងការប្រើប្រាស់ហើយយើង និងមានព័ត៌មានល្អជាច្រើនទៀតនៅ ពេលអនាគត៕

adverise with khmeread
PR