​នាយករដ្ឋមន្ត្រី​ថៃ​ថា​រដ្ឋាភិបាល​ធ្វើ​ត្រឹមត្រូវ ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ យី​ង​ឡាក់​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ឆា បាន​និយាយថា រដ្ឋាភិបាល​របស់លោក​គឺ​ត្រឹមត្រូវ​ក្នុងការ​រឹបអូស​គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យ៉ី​ង​ឡាក់​ស៊ីណា​វ៉ា​ត់ ព្រោះ​វា​ជា​បញ្ហា​ដាច់ដោយឡែក ជាជាង​សវនាការ​អំពី​ការប្រព្រឹត្ត​ខុស​របស់គាត់ ដែល​មិនទាន់​ចេញ​សាលក្រម​នៅឡើយ​។​

​លោក ប្រា​យុទ្ធ បាន​និយាយថា ការបញ្ជា​ផាកពិន័យ​លោកស្រី យី​ង​ឡាក់​ចំនួន ៣៥,៧ ពាន់​លាន​បាត (១០០៧ លាន​ដុល្លារ​) ត្រូវបាន​ដាក់ចេញ​ដោយសារ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ឧបត្ថម្ភ​ធន​កសិកម្ម​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់លោក​ស្រី​។ លោក​បាន​និយាយថា វា​មិន​ទាក់ទង​ទៅនឹង​កំហុស​របស់គាត់​ដែល​មិនទាន់​ត្រូវ​បានចេញ​សេចក្តីសម្រេច​ដោយ​តុលាការ ដែល​គេ​រំពឹងទុក​ថា​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី ២៥ ខែសីហា​។​

​លោក ប្រា​យុទ្ធ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា "​ខ្ញុំ​ស្នើ​អ្នក​កុំ​យល់ច្រឡំ​រឿង​ទាំងពីរ​ដើម្បី​ស៊ើបអង្កេត​មនុស្ស ឬក៏​បង្ខូច​ថា​យើង​ធ្វើបាប​គាត់ (​យី​ង​ឡាក់​) ដោយ​រឹបអូស​ទ្រព្យសម្បត្តិ​គាត់​ព្រោះ​វា​ជា​រឿងរ៉ាវ​ខុសគ្នា​"​។​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជា​លោកស្រី​កាលពី​ខែតុលា​ឱ្យ​ទូទាត់​សង​រដ្ឋ​ដោយផ្ទាល់​ចំនួន ៣៥,៧ ពាន់​លាន​បាត​។ ការបញ្ជា​នេះ​នៅតែមាន​សុពលភាព​រយៈពេល ១០ ឆ្នាំ​មុននឹង​ផុតកំណត់​។​

​មួយថ្ងៃ​មុន​លោក​ប្រា​យុទ្ធ​ត្រូវបាន​ជំទាស់​ដោយ​ឧបនាយករដ្ឋមន្ត្រី​រប​ស់គា​ត់​។ កាលពី​ថ្ងៃ​ពុធ​លោក​ប្រា​យុទ្ធ​ហាក់​យល់ច្រឡំ​ចំពោះ​អ្វីដែល​បានកើត​ឡើង​។ គាត់​បាន​និយាយថា គណនី​របស់​លោកស្រី​មិនទាន់​ត្រូវបាន​រឹបអូស​នៅឡើយ ខណៈ​អាជ្ញាធរ​បាន​ត្រឹម​ត្រៀម​បញ្ជី​គណនី​ធនាគារ​របស់លោក​ស្រី​ក្នុងករណី​តុលាការ​រកឃើញ​លោកស្រី​មាន​កំហុស​។​

​លោក​បាន​និយាយថា "​ការ​រឹបអូស​មិនមែនជា​បញ្ហា​ថ្ងៃនេះ​ទេ​ប៉ុន្តែ​ជាការ​ត្រៀម​ដោយ​អាជ្ញាធរ​។ គាត់​មិនទាន់មាន​កំហុស​រហូត​ដល់​តុលាការ​ធ្វើការ​សម្រេច​...​ប្រសិនបើ​លោកស្រី​រួចខ្លួន​អ៊ីចឹង​វា​ចប់​ហើយ​។ យើង​មិនអាច​រឹបអូស​អ្វី​បានឡើយ​"​។​

​ក្នុងការ​ថ្លែង​របស់លោក​ប្រា​យុទ្ធនា​ព្រឹក​នេះ លោក​បាន​ទទួលស្គាល់ថា ការ​រឹបអូស​មិនទាន់​បញ្ចប់​នៅឡើយ​ប៉ុន្តែ​បន្ទោស​ក្រុម​អ្នកសារព័ត៌មាន​ចំពោះ​ការយល់ច្រឡំ​បញ្ហា​ខុសគ្នា​។​

​ស្របពេល​នេះដែរ ទីភ្នាក់ងារ​ដែល​ទទួល​ខុសត្រូវ​ការសម្រេចរ​បស់​តុលាការ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានចាប់ផ្ដើម​ដំណើរការ​រឹបអូស​គណនី​ធនាគារ​ចំនួន ១២ ដើម្បី​បំពេញ​តាម​ការបញ្ជា​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា គាត់​បាន​បាត់បង់​គណនី​រួចទៅហើយៗ ប្រាក់​គឺ​រក្សាទុក​នៅ​ពួកគេ​។​

​លោកស្រី​យី​ង​ឡាក់ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter យ៉ាង​ដូច្នេះ​ថា "​វា​មិន​ពិត​ឡើយ​ចំពោះ​អ្វីដែល​មេដឹកនាំ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​បាន​និយាយថា ទ្រព្យសម្បតិ្ត​របស់ខ្ញុំ​គឺ​ស្ថិតក្នុង​ការត្រៀម​ប៉ុណ្ណោះ​។ គណនី​ធនាគារ​របស់ខ្ញុំ​ត្រូវបាន​រឹបអូស​រួចទៅហើយ​"​។​

​ឧបនាយករដ្ឋមន្ត្រី​លោក វី​សា​នុ​ក្រែ​ញ៉ាម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អាជ្ញាធរ​បាន​បង្ក​កគ​ណ​នី​របស់​លោកស្រី​តែប៉ុណ្ណោះ ដែល​គាត់​កំណត់​ចំនួន ១៦ គណនី ប៉ុន្តែ​មិនទាន់បាន​ផ្ទេរ​លុយ​ចូល​រដ្ឋ​នៅឡើយ​។​

​លោក​បាន​និយាយថា ចំនួន​លុយ​រាប់រយ​ពាន់​បាត​ត្រូវបាន​ដកចេញ​ពី​គណនី​បង្កក​ចំនួន ៥ ប៉ុន្តែ​មិនទាន់​ប្រគល់​ទៅ​រតនាគារ​នៅឡើយ​។ លោក​បាន​និយាយថា គណនី​ចំនួន ១១ ផ្សេងទៀត​មិនទាន់មាន​ការប៉ះពាល់​នៅឡើយ​៕

adverise with khmeread