​ពូ​ទីន​ប្រាប់ CNN ថា គាត់​សោកស្តាយ ដែល​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ធ្លាក់ចុះ ដោយសារ​បញ្ហា​ផ្ទៃក្នុង​អាមេរិក​

​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ថា គាត់​ពិតជា​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​កាន់តែ​យ៉ាប់យ៉ឺន​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​។​

​លោកពូ​ទីន​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Savonlinna ប្រទេស​ហ្វាំ​ង​ឡង់ យ៉ាង​ដូច្នេះ​ថា "​ពិតជា​គួរឱ្យ​សោកស្ដាយ​ខ្លាំងណាស់​ដែល​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​ត្រូវបាន​លះបង់​ទៅក្នុង​បញ្ហា​ផ្ទៃក្នុង​នៅក្នុង​ស្រុក​របស់​អាមេរិក​"​។​

​លោកពូ​ទីន​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ចោទសួរ​ដោយ CNN អំពី​ស្ថានភាព​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​សភា​អាមេរិក​ជុំវិញ​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​ដោយ​រុស្ស៊ី និង​ការ​រឹតបន្តឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក យ៉ាង​ដូច្នេះ​ថា "​អ្វីដែល​យើង​កំពុង​ឃើញ (​នៅ​សហរដ្ឋអាមេរិក​) គឺ​គ្រាន់តែ​ជា​អារម្មណ៍​ប្រឆាំង​រុស្ស៊ី​ប៉ុណ្ណោះ​"​។​

​លោក​បាន​និយាយថា "...​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក មិនមែនជា​កិច្ចការ​របស់​យើង ហើយ​វា​មិន​ស្ថិត​លើ​យើង​ក្នុងការ​វាយតម្លៃ​នូវ​អ្វីដែល​គាត់​ធ្វើ​ក្នុង​មុខតំណែង​ថ្មីថ្មោង​នេះ​ទេ នោះ​គឺ​ស្ថិត​លើ​សាធារណជន​អាមេរិក​។ ប្រសិនបើ​យើង​ពិចារណា​ពី​ការស៊ើបអង្កេត ខ្ញុំ​មិន​គិតថា វា​ជាការ​ស៊ើបអង្កេត​ឡើយ​ព្រោះ​ការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​នឹង​ការសិក្សា​ពេញលេញ និង​ការវិភាគ​ស្ថានការណ៍​"​។​

​លោកពូ​ទីន​ក៏បាន​ថ្លែងថា គាត់​ពិតជា​សោកស្ដាយ​ចំពោះ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ដ៏​សោះកក្រោះ ព្រោះថា ប្រសិនបើ​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា ពួកគេ​នឹង​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ជុំវិញ​ពិភពលោក និង​នៅ​រុស្ស៊ី និង​អាមេរិក ដូចជា​ប្រឆាំង​ភេរវកម្ម ដោះស្រាយ​បញ្ហា​បរិស្ថាន ប្រយុទ្ធ​ប្រឆាំងនឹង​អន្តោប្រវេសន៍​ខុសច្បាប់ និង​ក្រុម​ឧក្រិដ្ឋកម្ម​ចាត់តាំង ហើយ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​៕

adverise with khmeread