កម្មការិនីរោងចក្រផលិតទឹកសុទ្ធម្នាក់លង់ទឹកស្លាប់នៅតាខ្មៅ

​កណ្តាល ៖ មានករណីកម្មការិនីរោងចក្រផលិតទឹកសុទ្ធម្នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលនាថ្ងៃទី២៧ កក្កដា ២០១៧ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅចំណុចស្រះ ទឹក ទល់មុខរោងចក្រទឹកអាវកាសនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ថា វិបុល ភេទស្រី អាយុ១៧ឆ្នាំ ស្រុកកំណើត ភូមិស្វាយសាក់ ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ និងមិត្តភក្ដិមានគ្នា៣នាក់ដោយទី១.ឈ្មោះ ឌឿន  ស្រីហៀង ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់កន្លែងធើ្វការជាមួយគ្នា, ទី២.ឈ្មោះ មរ៉េត រីណយ ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់នៅជាមួយគ្នា និងទី៣.ឈ្មោះ លី ម៉ីម៉ី ភេទស្រី អាយុ ប្រហែល១៧ឆ្នាំ ស្នាក់នៅកន្លែងធើ្វការជាមួយគ្នា ឈប់សម្រាក ពីធ្វើការ បាននាំគ្នាចុះងូត ទឹកនៅកន្លែងកើតហេតុខាងលើ។

​រហូតដល់ម៉ោង១៦ និង៣០នាទី ជនរងគ្រោះបានលង់ទឹក ចំណែកមិត្តភក្ដិ៣នាក់ ឈ្មោះខាងលើ បានឃើញ ប៉ុន្តែខ្លួនមិនចេះហែលទឹក ក៏បានរត់ទៅហៅអ្នកធ្វើការ នៅក្នុងរោងចក្រ ដើម្បីមកជួយ។ តែពេលមកដល់ជនរងគ្រោះបានលង់ទឹកលិចបាត់ទៅហើយ។

​មកដល់ម៉ោង៧ និង៤៨នាទី យប់ទើបរកសពឃើញ ហើយសមត្ថកិច្ច បានពិនិត្យសាក សព ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារ (លង់ទឹក) ពិតប្រាកដ មែន ដោយមិនបានពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ។ ការពិនិត្យចប់សព្វគ្រប់ បានប្រគល់សព ជូនម្តាយមីងបង្កើត របស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread