បាញ់ប្រហារជាច្រើនគ្រាប់ស្លាប់ភ្លាមនៅកណ្ដាលស្ទឹង

កណ្ដាល ៖ បុរសម្នាក់បានដេកស្លាប់ក្នុងមុងដោយអំពើបាញ់ប្រហារកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ដេកដែលស្ថិតនៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប៉ូលិសបានឱ្យដឹងជំហានដំបូងថា ជនរងគ្រោះឈ្មោះ ហេង វ៉េងគា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន និងប្រពន្ធឈ្មោះ វង្ស ផល្លា អាយុ៤៦ឆ្នាំ មានកូន ក្នុងបន្ទប់៤នាក់ (ស្រី២នាក់) ក្នុងបន្ទុក ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកសាក្សីបានបំភ្លឺថា កាលវេលាម៉ោងប្រហែលម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ពួកគាត់បានឮសំលេងស្នូរកាំភ្លើង៣ទៅ៤គ្រាប់រហូតដល់ម៉ោង៥ និង៣០នាទី ទើបប្រពន្ធរបស់គាត់ (ជនរងគ្រោះ) បានទៅដាស់ដើម្បីហូបកាហ្វេព្រោះដេកកន្លែងផ្សេងគ្នា។ ពេលនោះស្រាប់តែឃើញប្តីរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅ ហើយក៏ស្រែកផ្អើលអ្នកជិតខាងដែលជួលផ្ទះនោះដោយមិនស្គាល់មុខខ្មាន់កាំភ្លើងនោះឡើយ។

ប៉ូលិសបច្ចេកទេសបានឱ្យដឹងថា ពាក់ព័ន្ធករណីនេះជនសង្ស័យបានយកប្រេងនិងដុំឈើរុំក្រណាត់មានបំណងដុតកំទេចរោងនោះចោលតែដោយខ្លាចផ្អើលគេឯងក៏ធ្វើការ បាញ់ប្រហារតែម្ដង។ ការបាញ់ប្រហារនេះឃាតករបានប្រើកាំភ្លើងម៉ាករ៉ូឡូរកឃើញក្បាលគ្រាប់ចំនួន៤គ្រាប់ត្រូវចំដងខ្លួនទាំង៤គ្រាប់ហើយជនសង្ស័យទំនងជាមានគំនុំពីមុនមក។

ប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ថា ជារៀងរាល់ថ្ងៃគាត់តែងតែដេកនៅរោងចម្ការខាងក្រោយផ្ទះពេលខ្លះកូនប្រុសដេកជាមួយតែពេលកើតហេតុនេះកូនមិនបានដេកជាមួយទេ៕

adverise with khmeread