អាជ្ញាធរក្រុងហូជីមិញកំពុងឈឺក្បាល!!! កាន់តែសង់ស្ពានអាកាសកាន់តែស្ទះលើសដើម

ស្ពានអាកាសជាច្រើននៅក្នុងទីក្រុងហូជីមិញ​ ដែលគេបង្កើតឡើងដើម្បីសម្រាលចរាចរណ៍នៅភាគខាងត្បូងក្រុង បានសបញ្ជាក់ថា គ្មានប្រសិទ្ធភាពទប់ទល់នឹងការកកស្ទះដែលចេះតែកើនឡើងក្នុងក្រុងបានឡើយ។ នេះបើតាមកាសែតយុវជនរបស់វៀតណាម។

អាជ្ញាធរក្នុងភាគខាងត្បូងក្រុងកំពុងរៀបចំផែនការសង់ស្ពានអាកាសជាង ១០០ កន្លែងទៀត នៅតំបន់កកស្ទះចរាចរណ៍ខ្លាំងបំផុត នៅត្រឹមឆ្នាំ ២០២០ ក្នុងការប្រឹងប្រែងដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ប៉ុន្តែស្ពានអាកាសជាច្រើនដែលដាក់ឱ្យប្រើប្រាស់មិនបានបំពេញតាមការរំពឹងទុកឡើយ។

ក្នុងចំណោមស្ពានអាកាស ១៣ កន្លែង ដែលសាងសង់ឡើងអំឡុង ៥ ឆ្នាំចុងក្រោយ មានតែស្ពាន ៣ កន្លែងគត់នៅភាគខាងត្បូងក្រុង បានបង្ហាញលទ្ធផលមានប្រសិទ្ធភាព។

ស្ពានអាកាស ៤ កន្លែងទៀតក៏បង្ហាញប្រសិទ្ធភាពខ្លះដែរ ដោយកាត់បន្ថយការស្ទះ ៦០ នាទី មកនៅត្រឹម ២០ នាទី។

ក្រៅពីនេះ ស្ពានអាកាសផ្សេងទៀតគឺគ្មានប្រសិទ្ធភាពឡើយ ជាពិសេសនៅក្នុងសង្កាត់តាន់បិញ ក្បែរច្រកចូលអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។

ទោះមានស្ពានអាកាសច្រើនយ៉ាងណាក្តី ក៏ប្រជាជននៅតែចាត់ទុកថាពួកគេកំពុងធ្វើដំណើរឆ្លងកាត់ចរាចរណ៍យឺតដូចខ្យង ស្រូបផ្សែងពុល និងជួបហានិភ័យសុខភាពជាច្រើន៕

adverise with khmeread