​សារមន្ទីរ​ចិន​កំពុង​ស្វែងរក​មនុស្ស​ខ្លាំង​អក្សរសាស្ត្រ​ជួយ​បកស្រាយ​សិលាចារឹក ៣០០០ ពាក្យ​!!! បើ​បកស្រាយ​ចេញ នឹង​ឱ្យ ១៥.០០០ ដុល្លារ​ភ្លាម​

​រូបភាព​មួយ​សន្លឹក​ប្រហែល​មាន​អត្ថន័យ​រាប់ពាន់​ពាក្យ ប៉ុន្តែ​អក្សរ​ចិន​បុរាណ​ដ៏​អាថ៌កំបាំង​មួយ​អាចឱ្យ​មនុស្ស​រកបាន ១០០.០០០ យ័ន (១៥.០០០ ដុល្លារ​) សម្រាប់​នរណា​ដែល​អាច​ប្រាប់ថា​វា​មានន័យ​អ្វី​។​

​សារមន្ទីរ​ជាតិ​អក្សរ​ចិន​នៅ​ទីក្រុង​អាន​យ៉ាង ក្នុង​ខេត្ត​ហឺ​ណាន បានចេញ​សំណើសុំ​ជំនួយ​ទូទាំង​សកលលោក​ដើម្បី​ស្វែងយល់​ពី​អត្ថន័យ​នៃ​អក្សរ​បុរាណ​រាប់ពាន់​ដែល​គាស់​ចេញពី​ឆ្អឹង​និង​សំបក ដែលមាន​អាយុកាល ៣០០០ ឆ្នាំ​ក្នុងសម័យ​រាជវង្ស​សាង​។​

​សិលាចារឹក ដែល​ដូច​អក្សរ​ចិន​សម័យ​ទំនើប គឺជា​កំណត់ត្រា​នៃ​ការសរសេរ​ដំបូងបង្អស់​នៃ​ប្រជាជន​ចិន ហើយ​អាច​លាតត្រដាង​អំពី​ជីវិត​និង​សង្គម​ចិន​នៅ​សម័យ​នោះ​។​

​អក្សរ​ទាំងនោះ​ត្រូវបាន​ឆ្លាក់​ដោយ​គ្រូទាយ នៅលើ​សំបក​អណ្ដើក​និង ឆ្អឹង​ផាល​របស់​គោ ដែល​គេ​ស្គាល់​ជា​ឆ្អឹង​ប្រើ​សម្រាប់​ការ​ទស្សន៍ទាយ​ក្នុងសម័យ​បុរាណ​ចិន ហើយ​កត់ត្រា​នូវ​សំណួរ​អ្វីៗ​ទាំងអស់​ចាប់ពី​អាកាសធាតុ​រហូតដល់​ព​ន្ធ​ដារ​។​

​មកទល់​ឥឡូវ​អ្នកប្រាជ្ញ​បាន​ដោះស្រាយ​អក្សរ​ទាំងនេះ​ប្រហែល​តិចជាង​ពាក់កណ្ដាល​នៃ​អក្សរ​ប្រហែល ៥០០០ ដែល​រកឃើញ​នៅលើ​ឆ្អឹង​។ អក្សរ​ប្រហែល ៣០០០ ទៀត​នៅ​មិនទាន់​ដឹង​នៅឡើយ​។​

​ឥឡូវ​សារមន្ទីរ​ខាងលើ​សង្ឃឹមថា ការលើកទឹកចិត្ត​ផ្នែក​លុយកាក់ និង​បច្ចេកវិជ្ជា នឹង​ជួយ​ពួកគេ​លាតត្រដាង​អត្ថន័យ​អក្សរ​ដែល​នៅសល់​។​

​ក្នុង​សារ​មួយ​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​កាលពី​ដើមខែ​នេះ សារមន្ទីរ​ចិន​បាន​និយាយថា ខ្លួន​នឹង​បង់លុយ​ចំនួន ១០០.០០០ យ័ន​សម្រាប់​ការពន្យល់​ដ៏​ជាក់ច្បាស់​មួយ​រាល់​អក្សរ​ចិន​មិនទាន់បាន​បកស្រាយ​នីមួយៗ​។ ពួកគេ​ក៏​ស្នើ​ចំនួន ៥០.០០០ យ័ន​សម្រាប់​នរណា​ដែល​អាច​ផ្ដល់​ការពន្យល់​សម្រាប់​តួអក្សរ​ពិបាក​យល់​មួយ​តួ​។​

​កាសែត Chengdu Economic Daily បាន​រាយការណ៍​ថា លៀវ​ហ្វឹ​ង​ហ័​រ អ្នកជំនាញ​ខាង​ឆ្អឹង​ប្រើ​ក្នុងសម័យ​បុរាណ​ចិន មកពី​សាកលវិទ្យាល័យ​ចឹ​ង​ចូ​វ បាន​និយាយថា អក្សរ​មិនទាន់បាន​បកស្រាយ​ភាគច្រើន​គឺជា​ឈ្មោះ​មនុស្ស​និង​ទីកន្លែង​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​ដែល​សិក្សា​អំពី​អត្ថបទ​ចិន​បុរាណ ការឱ្យ​និយមន័យ​អក្សរ​ចិន​តែមួយ​អាចជា​សមិទ្ធផល​សំខាន់​មួយ​៕

adverise with khmeread