កុលសម្ព័ន្ធពនេចរជិតផុតពូជនេះ អាចទ្រាំរស់នៅបាន នៅចុងបំផុតនៃផែនដី ក្រោមអាកាសធាតុដក ៥០ អង្សា គឺដោយសារតែសត្វរមាំងមួយមុខគត់...

វីដេអូនិងរូបថតថ្មីទាំងនេះបានបង្ហាញឱ្យឃើញក្រុមកុលសម្ព័ន្ធចាស់បំផុត និងរស់នៅឆ្ងាយបំផុតក្នុងពិភពលោក។

ក្រុមកុលសម្ព័ន្ធឈ្មោះ ណេណេត (Nenets) គឺជាក្រុមកុលសម្ព័ន្ធពនេរចររស់នៅក្នុងតំបន់ Yamal-Nenets ដែលជាឈ្មោះមួយមានន័យថា "ចុងបំផុតនៃពិភពលោក" ពោលគឺនៅជាយប្រទេសរុស្ស៊ី កន្លែងដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ ដក ៥០ អង្សា។

រស់នៅក្នុងតង់ផលិតពីស្បែករមាំង ស្លៀកពាក់ខោអាវស្បែករមាំង ហូបសាច់រមាំងឆៅ និង បូជាសត្វរមាំងដល់ព្រះក្នុងជំនឿសាសនាបុរាណរបស់ពួកគេ ក្រុមកុលសម្ព័ន្ធទាំងនេះធ្វើចំណាកស្រុកជិត ២.០០០ គីឡូម៉ែត្ររៀងរាល់ឆ្នាំ តាមរទេះក្តាន់ផលិតដោយដៃ។

កាមេរ៉ាម៉ាន់ និង ជាងថតរូបមកពីវេបសាយ MyHeritage បានចំណាយពេល ១​ ខែរស់នៅជាមួយ និងថតឯកសាររបស់កុលសម្ព័ន្ធណេណេត សម្រាប់ជាផ្នែកមួយនៃគម្រោងថែរក្សាមរតកកុលសម្ព័ន្ធជិតផុតពូជនៅជុំវិញពិភពលោក។

កុលសម្ព័ន្ធណេណេតរស់នៅរាប់ពាន់ឆ្នាំមកហើយ ដោយរស់នៅចល័តទីចុះឡើងជាង ៣.០០០ គីឡូម៉ែត្រនៅតំបន់ទឹកកកអាកទិក។

ក្រុមកុលសម្ព័ន្ធនេះមានសមាជិកប្រហែល ១០.០០០ នាក់ ហើយពួកគេចិញ្ចឹមរមាំងប្រហែល ៣០០.០០០ ក្បាល។

គ្រួសារកុលសម្ព័ន្ធនេះនាំគ្នាដើរតាមទម្រង់ចំណាកស្រុកធម្មជាតិរបស់សត្វរមាំង ពោលគឺពេលរមាំងទៅទីណា គឺពួកគេទៅតាមរមាំងដែរ ៕


adverise with khmeread