អ្នកស្រាវជ្រាវរកឃើញជំងឺរលាកខួរក្បាលរ៉ាំរ៉ៃចំពោះអ្នកលេងកីឡាបាល់ឱបនៅអាមេរិក

ថ្មីៗនេះគេឃើញមានការកើនឡើងនូវជំងឺខួរក្បាលអន់ខ្សោយដែលអាចរកឃើញបន្ទាប់ពីស្លាប់ ហើយគេឃើញមានឱកាសដ៏ខ្ពស់ដែលអ្នកអាចកំពុងរស់នៅជាមួយជំងឺនេះ។

ជំងឺរលាកខួរក្បាលរ៉ាំរ៉ៃ (CTE) ទទួលខុសត្រូវចំពោះការបាត់បង់ការចងចាំ, ភ័ន្តច្រឡំ, ការវិនិច្ឆ័យខ្សោយ, បញ្ហាគ្រប់គ្រងការសម្រេចចិត្ត, កោងកាច, បាក់ទឹកចិត្ត, ថប់អារម្មណ៍, គំនិតធ្វើអត្តឃាត និងវង្វេងច្រើនចំពោះមនុស្សដែលរងរបួសខួរក្បាលញឹក។

ជំងឺខួរក្បាលត្រូវបានគេសន្មតថាប៉ះពាល់ខួរក្បាលអាចបណ្តាលឱ្យសន្លប់ឬបាត់ស្មារតីខ្លះ ដែលមិនបង្ហាញរោគសញ្ញាទេ។

ស្របពេលការស្រាវជ្រាវពីមុនបានបង្ហាញការជាប់ទាក់ទងដ៏ស្អិតរវាងអាការៈនេះនឹងកីឡាករបាល់ឱបអាជីប អ្នកប្រដាល់ និងកីឡាករប្រភេទកីឡាគ្រោះថ្នាក់ ឥឡូវវាហាក់បង្ហាញថា CTE គឺរីកដាលធំជាងការគិតដំបូង។

ការសិក្សាមួយនាពេលថ្មីៗនេះបានរកឃើញថា នរណាដែលបានលេងកីឡាមានការប៉ះពាល់គ្នានៅគ្រប់កម្រិតទាំងអស់ អាចរស់នៅជាមួយជំងឺខាងលើ ដែលចាប់ផ្ដើមបង្កដំណើរការធ្លាក់ចុះនៃជាលិកាខួរក្បាល។

បន្ទាប់ពីតាមដានអតីតកីឡាករបាល់ឱបដែលបានស្លាប់ចំនួន ២០២ នាក់ដោយរួមបញ្ចូលកីឡាករវិទ្យាល័យ មហាវិទ្យាល័យ និងកីឡាករអាជីព CTE ត្រូវបានរកឃើញមាននៅមនុស្ស ១៧៧ នាក់។

អ្វីដែលគេព្រួយបារម្ភនោះគឺថា ៩៩ ភាគនៃអតីតកីឡាករបាល់ឱបក្របខ័ណ្ឌ NFL នៅក្នុងការសិក្សា មានជំងឺ CTE ។

ការធ្វើអត្តឃាតគឺជាមូលហេតុនៃការស្លាប់ដ៏ទូទៅក្នុងចំណោមអ្នកដែលរងជំងឺ CTE ស្រាល ជាមួយ ២៧ ភាគរយនៃអ្នកដែលពាក់ព័ន្ធការសិក្សា សម្លាប់ខ្លួន។

ប៉ុន្តែសម្រាប់អ្នកមានជំងឺ CTE ធ្ងន់ធ្ងរ ដែលជាជំងឺចុះខ្សោយដូចជាជំងឺវង្វេង និងជំងឺញ័រដៃជើងគឺមានវត្តមានច្រើនជាង។

ជាមធ្យមអ្នកដែលមានជំងឺ CTE ស្រាលនិងធ្ងន់បានលេងបាល់ឱបពី ១៣ និង ១៥,៨ ឆ្នាំ។

អ្នកដឹកនាំនិពន្ធឈ្មោះ Ann McKee បានថ្លែងថា ខណៈគេពិបាកដើម្បីបញ្ជាក់ពីអត្រាកើនឡើងពិតប្រាកដ លោកស្រីសង្ស័យថាបញ្ហានេះរីកដាលយ៉ាងខ្លាំង។

លោកស្រីបានប្រាប់សារព័ត៌មាន NPR យ៉ាងដូច្នេះថា "ស្របពេលយើងនៅមិនទាន់ដឹងឧបទ្ទេវហេតុអ្វីដែលស្ថិតក្នុងប្រជាជនទូទៅឬក្នុងកីឡាបាល់ឱបទូទៅ ការពិតដែលយើងអាចប្រមូលករណីនេះបង្ហាញថា ជំងឺនេះគឺមានលក្ខណៈទូទៅជាងយើងបានដឹងពីមុន"។

លោកស្រី McKee បាននិយាយថា គ្រួសារកីឡាករជាច្រើនដែលពាក់ព័ន្ធក្នុងការសិក្សាបានរំពឹងឃើញភស្តុតាងនៃជំងឺ CTE។

លោកស្រីបានថ្លែងថា "ក្រុមគ្រួសារមិនបរិច្ចាគខួរក្បាលមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយដរាបណាពួកគេព្រួយបារម្ភអំពីមនុស្សម្នាក់នោះ។ ដូច្នេះរាល់កីឡាករក្នុងការសិក្សានេះ នៅកម្រិតខ្លះ មានរោគសញ្ញា"។

នាយកផ្នែកឱសថប្រព័ន្ធប្រាសាទនៅមជ្ឈមណ្ឌល VA Boston Healthcare System រូបនេះបាននិយាយថា ការស្រាវជ្រាវបន្ថែមពីលើពិតជាត្រូវការដើម្បីស្វែងយល់ពីជំងឺចុះខ្សោយខួរក្បាល។

លោកស្រីបាននិយាយថា "ខ្ញុំគិតថារាល់រាល់អង្គភាពកីឡាដែលមានអ្នកចូលរួមដែលរងរបួសក្បាលត្រូវគាំទ្រការស្រាវជ្រាវនេះ។ យើងត្រូវតែចាត់វិធានការពេញមួយជីវិតនិងអាជីពពួកគេ ដូច្នេះយើងអាចចាប់ផ្ដើមរកឃើញនៅពេលអ្វីមួយខុសប្រក្រតី។ ប្រសិនបើយើងអាចរកឃើញការផ្លាស់ប្ដូរនៅគ្រាដំបូង នៅពេលនោះហើយដែលយើងអាចកែប្រែបាន"។

លោកស្រី McKee បានបន្ថែមថា គាត់មិនរិះគន់ចំពោះកីឡាមានការប្រើកម្លាំងទាំងស្រុងនៅពេលនេះទេ ប៉ុន្តែមានអារម្មណ៍ថា មានហេតុផលដែលត្រូវបារម្ភ។

លោកស្រីបាននិយាយថា "ខណៈខ្ញុំមិននិយាយថា បាល់ឱបគឺស្លាប់ហើយនោះទេ ខ្ញុំក៏នឹងមិនធ្វើការសម្រេច (ចំពោះមនុស្សវ័យក្មេងដែលកំពុងលេងបាល់ឱប) ចំពោះបុគ្គលដទៃដែរ...ខ្ញុំគិតថា មានគ្រោះថ្នាក់ក្នុងការលេងបាល់ឱប"៕ ប្រភព៖បរទេស

adverise with khmeread