រាយខ្សែលួសឆក់កណ្តុរព្រឹកឡើងឃើញឆក់មនុស្សស្លាប់

កណ្តាល ៖ មានករណីរាយខ្សែលួសចាប់អាគុយប្រើដុំឆក់កណ្តុរការពារកុំឱ្យចូលស៊ីមាន់បែរជាឆក់ស្លាប់មនុស្សបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៧ នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះ គីម ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។       

ប៉ូលិសនិយាយថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ឈ្មោះ និត យ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកនេះមានចិញ្ចឹមមាន់ប្រកាត់ពូជមាន់ជល់ ហើយនៅល្ងាចថ្ងៃទី២៩ កក្កដា ម្ចាស់កសិដ្ឋានឈ្មោះ គីម ឌីណា បានប្រើឱ្យកម្មករមើលថែជ្រូកម្នាក់ឈ្មោះ ម៉ឺន ញ៉ាញ់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិចង់កើប ឃុំកំពែង​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទៅរាយខ្សែលួសចាប់អាគុយដាក់ដុំភ្លើងដើម្បីឆក់កណ្តុរការពារកុំឱ្យចូលស៊ីមាន់ដូចសព្វដង។

លុះព្រឹកឡើងស្រាប់តែឃើញមានមនុស្សស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញខេត្ត.ស្រុកសហការជាមួយប៉ូលិសប៉ុស្តិ៍និងកម្លាំងអាវុធហត្ថចុះមកបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ.ភូមិ និងក្រុមគ្រូពេទ្យឃុំរួមជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្វើកោសល្យវិច័យពិនិត្យ និងរឹបអូសបានវត្ថុតាងមានអាគុយម៉ាក aokly ពណ៌ខ្មៅមួយគ្រឿង, ដុំអាំងវែកទ័រ1គ្រឿង, ខ្សែលួសពណ៌ស ប្រវែង18,75ម៉ែត្រ និងខ្សែភ្លើងទំហំ២គុណ០,៥ ប្រវែង៣៣ម៉ែត្រ។

​ក្រោយពិនិត្យរួចក្រុមគណៈកម្មការចម្រុះបានបញ្ជាក់ថា សពពិតជាស្លាប់ ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។ តាមការសន្និដ្នានរបស់សមត្ថកិច្ច គឺជនរងគ្រោះប្រហែលជាមានបំណងចូលមកលួចមាន់ជល់។

​ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម្ចាស់កសិដ្ឋានឈ្មោះ គីម ឌីណា មិនឃើញសមត្ថកិច្ចធ្វើការឃាត់ខ្លួនឡើយ៕

adverise with khmeread