សងសឹក​!!! រុស្ស៊ី​ប្រាប់​អាមេរិក​ឱ្យ​កាត់បន្ថយ​បុគ្គលិក​ស្ថានទូត ៧៥៥ នាក់​ជាបន្ទាន់​

​យោងតាម​ប្រភព Bangkok Post ចុះផ្សាយ​ថ្ងៃ​ចន្ទ​នេះ​បានឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា​ថា សហរដ្ឋអាមេរិក​ត្រូវតែ​កាត់បន្ថយ​បុគ្គលិក​ស្ថានទូត​និង​កុងស៊ុល​ក្នុងប្រទេស​រុស្ស៊ី ៧៥៥ នាក់ ក្រោម​ទណ្ឌកម្ម​ថ្មី​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។ 

​ក្រសួងការបរទេស​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជា​ឱ្យ​កាត់បន្ថយ​ចំនួន​អ្នកការទូត​អាមេរិក​ក្នុងប្រទេស​រុស្ស៊ី​ត្រឹម​ថ្ងៃទី​១​កញ្ញា​។ ក្រសួង​និយាយថា ខ្លួន​បញ្ជា​ឱ្យ​ស្ថានទូត​អាមេរិក​រឹតត្បិត​ចំនួន​បុគ្គលិក​ស្ថានទូត​និង​កុងស៊ុល​ក្នុងប្រទេស​ត្រឹម ៤៥៥ នាក់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុម័ត​កញ្ចប់​ទណ្ឌ​កម្ម​ថ្មី​របស់​ព្រឹទ្ធសភា​អាមេរិក​។ 

​ដោយ​បកស្រាយ​ពី​មូល​ហេតុដែល​មូ​ស្គូ​សម្រេចចិត្ត​សងសឹក​វិញ លោកពូ​ទីន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍ Rossiya 1 ថា "​យើង​សង្ឃឹមថា ស្ថានការណ៍​នឹង​ផ្លាស់ប្តូរ​ពេលណា​មួយ ប៉ុន្តែ​ប្រសិនបើ​វា​មិន​ផ្លាស់ប្តូរ​ទេ ដូច្នេះ​វា​នឹងមិន​ប្រែប្រួល​ឆាប់ៗ​នោះឡើយ​។ ខ្ញុំ​គិតថា​នេះ​ជា​ពេលវេលា​ដើម្បី​បង្ហាញថា យើង​នឹងមិន​ទុកឱ្យ​វា​គ្មាន​ចម្លើយ​ទៀតឡើយ​"​។  

​ពូ​ទីន​និយាយថា មនុស្ស​ជាង ១.០០០ នាក់​កំពុងធ្វើការ​នៅ​ស្ថានទូត​ប្រចាំ​ក្រុង​មូ​ស្គូ និង កុងស៊ុល​អាមេរិក​ចំនួន ៣ ក្នុងប្រទេស​រុស្ស៊ី​។ បុគ្គលិក​ទាំងនោះ​រួមមាន​ទាំង​ជនជាតិ​អាមេរិក​និង​រុស្ស៊ី ដែល​គេ​ជួល​ឱ្យ​ធ្វើការ​ក្នុង​ការិយាល័យ​ការទូត​។ 

​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បន្តទៀតថា រុស្ស៊ី​បើកទូលាយ​ក្នុងការ​សហការ​ជាមួយ​អាមេរិក​លើ​បញ្ហា​ជាច្រើន​រួមមាន​ភេរវកម្ម និង​សង្គ្រាម​តាម​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្តែ​ខ្លួន "​បានត្រឹមតែ​ឮ​ការចោទប្រកាន់​គ្មាន​ភស្តុតាង​អំពី​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អាមេរិក​"​។ 

​នៅពេល​សួរ​អំពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​វ៉ាស៊ីនតោន លោកពូ​ទីន​បាន​ពណ៌នា​ការកាត់បន្ថយ​បុគ្គលិក​ការទូត​ថា "​ឈឺចាប់​" និង​និយាយថា បច្ចុប្បន្ន​គាត់​បានធ្វើ​ផ្ទុយ​នឹង​វិធានការ​ជាច្រើន​។​

​លោកពូ​ទីន​និយាយថា "​ពិតណាស់​យើង​មាន​អ្វីមួយ​ត្រូវ​ឆ្លើយតប​វិញ និង​រឹតត្បិត​វិស័យ​ប្រតិបត្តិការ​រួមគ្នា ដែល​នឹង​ធ្វើឱ្យ​ឈឺចាប់​សម្រាប់​ភាគី​អាមេរិក ប៉ុន្តែ​ខ្ញុំ​គិតថា​យើង​មិនចាំបាច់​ធ្វើ​ដូច្នោះ​ទេ​" ដោយ​បន្ថែមថា វិធានការ​បែប​នោះ​ក៏​ប៉ះពាល់​ផលប្រយោជន៍​រុស្ស៊ី​ដែរ​។ 

​លោកពូ​ទីន​និយាយថា វិស័យ​ថាមពល​និង​អវកាស​គឺជា​វិស័យ​សំខាន់ ដែល​រុស្ស៊ី​និង​អាមេរិក​ធ្វើការ​ជាមួយគ្នា​បាន​ជោគជ័យ​។ 

​ក្រសួងការបរទេស​រុស្ស៊ី​ក៏​និយាយ​ដែរ​ថា រុស្ស៊ី​បាន​បិទ​ទីកន្លែង​លំហែកាយ​មួយ​របស់​អាមេរិក​នៅ​ជាយក្រុង​មូ​ស្គូ​ក៏ដូចជា​ឃ្លាំង​ជាច្រើន​ទៀតផង​ដែរ​។​

​ការ​សឹង​សឹក​ខាង​ការទូត​បានចាប់ផ្តើម​នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ។ ជាការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​ព័ត៌មាន​ដែលថា​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ លោក​អូ​បា​ម៉ា​បាន​បញ្ជា​ឱ្យ​បណ្តេញចេញ​អ្នកការទូត​រុស្ស៊ី ៣៥ នាក់ និង​បិទ​ទីកន្លែង​លំហែកាយ​រុស្ស៊ី ២ កន្លែង​ក្នុង​សហរដ្ឋអាមេរិក​៕ 

 

adverise with khmeread