សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ រៀបចំការជួបជុំហូបអាហារសាមគ្គីរវាងថ្នាក់ដឹកនាំ និង សកម្មជនសហជីពរួមជាមួយនិយោជកនៅខេត្តកំពង់ចាម

​កំពង់ចាម ៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានរៀបចំកម្មវិធីជួបជុំសំណេះ សំណាល និង ហូបអាហារសាមគ្គីរវាងថ្នាក់ដឹកនាំ សកម្មជនសហជីព រួមជាមួយនិយោជកនៅតាមបណ្តារោងចក្រសហគ្រាសដែល មានសហជីពសម្លេងយុវជនខ្មែរ នៅទូទាំងខេត្តកំពង់ចាមក្រោមអធិបតីភាពលោក ឡុង សុផាត ប្រធានសហព័ន្ធសហជីព សម្លេងយុវជនខ្មែរកាលពីថ្ងៃសៅរ៍ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ។

​លោក ឡុង សុផាត បានថ្លែងនៅក្នុងពិធីនោះថា ការជួបជុំគ្នានាពេលនេះគឺមានគោលបំណងសំខាន់ចំនួនពីរធំៗ រួមមាន៖  ទី១.បង្កើតឱ្យមានភាពស្និតស្នាលរវាងថ្នាក់ដឹកនាំសហជីពជាមួយ និងនិយោជក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អនៅកន្លែងធ្វើការ ធ្វើយ៉ាងណាបង្កឱ្យមានបរិយាកាសនៅកន្លែងការងារពោពេញទៅដោយភាពសុខដុមរម្យនា ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

​លោកឡុង សុផាត បន្តថា បរិយាកាសនេះបានកាត់បន្ថយនូវវិវាទការងារ ដែលអាចកើតមានជាយថាហេតុដោយខ្វះការយោគយល់គ្នាជាពិសេសគឺការថែរក្សាការងារ និងការវិនិយោគរបស់និយោជកឱ្យបានគង់វង្សដែលកត្តាសំខាន់សម្រាប់រក្សាបាននូវផលប្រយោជន៍រួមរបស់កម្មករនិយោជិត និង និយោជក រួមទាំងផលប្រយោជន៍អ្នកពាក់ព័ន្ធផ្សេងៗទៀត។

​លោកឡុង សុផាត បានបញ្ជាក់ក្នុងចំណុចទី២ថា "ជំរុញឱ្យថ្នាក់ដឹកនាំ និង សកម្មជន រួមជាមួយសមាជិក សមាជិកាសហជីពសម្លេងយុវជនខ្មែរទាំងអស់ ធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត ទាំងអស់តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ និង រៀបចំយន្តការជាច្រើនទៀតដែលសុទ្ធសឹងតែបានផ្តល់ផលប្រយោជបន្ថែមដល់បងប្អូនកម្មករនិយោជិតរួមទាំងការគិតគូរសុខភាព និង សុវត្ថិភាព របស់បងប្អូនកម្មករនិយោជិតរបស់យើង"។

​លោក ឡុង សុផាត ក៏បានធ្វើការអំពាវនាវដល់បងប្អូនថ្នាក់ដឹកនាំ និង សកម្មជនសហជីព រួមជាមួយសមាជិកសមាជិកាជាកម្មករនិយោជិតទាំងអស់កុំឱ្យជឿរាល់ការញុះញង់ពីសំណាក់សហជីពខិលខូចមួយចំនួន ដែលមានការពាក់ព័ន្ធជាមួយគណបក្សផ្សេងអំពីការសន្យាបោកប្រាស់នានាពាក់ព័ន្ធជាមួយការដំឡើងប្រាក់ឈ្នួលរបស់បងប្អូនកម្មករ។​     

​មេសហជីពរូបនេះបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតគឺមានតែយន្តការត្រីភាគីដែលមានឈ្មោះថា "គណៈកម្មការប្រឹក្សាការងារ" តែមួយគត់ ដែលមានភារកិច្ចក្នុងការ សិក្សាស្រាវជ្រាវ និង ធ្វើការចរចាដើម្បីដំឡើងប្រាក់ឈ្នួលជូនបងប្អូន។

​លោកក៏បានធ្វើការជំរុញឱ្យថ្នាក់ដឹកនាំ និង សកម្មជនសហជីពទាំងអស់ជួយបន្តជំរុញ បងប្អូនកម្មករ និយោជិតមួយចំនួនដែលមិនបានចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក សូមរៀបចំឯកសារដែលពាក់ព័ន្ធដើម្បីទៅចុះឈ្មោះនៅពេល គជប ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកបោះឆ្នោតឡើងវិញនាពេលខាងមុខឱ្យបានគ្រប់ៗគ្នា៕

adverise with khmeread