មានលុយគួរទៅលេងម៉ាល់ឌីវឱ្យហើយ ព្រោះតាមការព្យាករណ៍ ប្រទេសកោះទេសចរណ៍ល្អដាច់គេលើពិភពលោកមួយនេះអាចនឹងលិចនៅ ៣០ ឆ្នាំទៀត

ប្រទេសម៉ាល់ឌីវ ដែលជាឋានសួគ៌ត្រូពិកមួយនៅក្នុងមហាសមុទ្រឥណ្ឌា គឺត្រូវបានចាត់ទុកថាជាគោលដៅដ៏សំខាន់បំផុតក្នុងជីវិតនៃដំណើកម្សាន្ត ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់វិស្សមកាលតាមឆ្នេរសមុទ្រ។ ហើយជាការពិត វាគឺជាទីកន្លែងដ៏ពិសេសបំផុតមួយសម្រាប់ក្រេបទឹកឃ្មុំ។

ជាមួយនឹងឆ្នេរខ្សាច់លក្បោះល្អឯករបស់វា និងទឹកថ្លាឆ្លុះដូចគ្រីស្តាល់ ជាក់ស្តែងគេពិតជាអាចយល់បានថាហេតុអ្វីមនុស្សគ្រប់គ្នានឹងដាក់បញ្ចូលម៉ាល់ឌីវនៅលើបញ្ជីដំណើរកម្សាន្តរបស់ពួកគេ។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់នៅក្នុងចំណោមប្រជានជនទាំងនោះ ដែលបានកំណត់គោលដៅនៃប្រទេសម៉ាល់ឌីវជាទីកន្លែងសម្រាប់ធ្វើដំណើរទៅកម្សាន្តក្នុងជីវិតរបស់អ្នក អ្នកប្រហែលជាប្រញាប់ប្រញាល់បន្តិចដើម្បីកក់ដំណើរទៅកាន់ទីនោះឆាប់ៗ។

កោះមួយចំនួនធំនៅក្នុងប្រទេសម៉ាល់ឌីវមានកម្ពស់ខ្ពស់ជាងមិនដល់ពីម៉ែត្រនោះឡើយពីកម្រិតទឹកសមុទ្រ។ នេះគឺជាហេតុផលដែលអ្នកគួរតែប្រញាប់ប្រញាល់ ដែលវាអាចនឹងបាត់ដានចេញពីផែនទីពិភពលោក។ ដោយសារការកើនឡើងកម្តៅផែនដី កម្រិតទឹកសមុទ្របច្ចុប្បន្នកំពុងកើនឡើងបន្តិចម្តងៗ ដែលវាអាចនឹងផ្តល់ផលប៉ះពាល់ដែលមិនត្រឹមតែម៉ាល់ឌីវនោះឡើយ ប៉ុន្តែក៏អាចប៉ះពាល់ដល់តំបន់អាកទិក និងតំបន់ទេសចរណ៍ល្បីល្បាញជាច្រើនដូចជាទីក្រុង Venice របស់អ៊ីតាលីផងដែរ។

មហន្តរាយឆ្នាំ២០០៤ ក្នុងសមុទ្រឥណ្ឌានៃគ្រោះរំជួយដី និងស៊ូណាម៉ិ បានឆក់យកជីវិតរបស់មនុស្សរាប់ម៉ឺននាក់ និងផ្តល់ផលប៉ះពាល់ដ៏អាក្រក់ដល់ប្រទេសថៃ ឥណ្ឌូណេស៊ី ក្នុងចំណោមប្រទេសដទៃទៀត។ ម៉ាល់ឌីវក៏ទទួលរងផលប៉ះពាល់ផងដែរ ដែលពេលនោះទន្ទឹមនឹងមហន្តរាយដូចគ្នានេះ វាលេបត្របាក់កោះចំនួនពីរ ទៅបីនៃប្រទេសមួយនេះ។

ផែនដីនៅតែបន្តរងទុក្ខពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ជាមួយកម្រិតទឹកសមុទ្រកំពុងកើនឡើងគួរឱ្យកត់សម្គាល់ជាងពីមុនដែលជាលទ្ធផលមួយនៃឥទ្ធិពលផ្ទាំងទឹកកករលាយ។ ប្រសិនបើទិន្នាការនេះនៅតែបន្ត ម៉ាល់ឌីវត្រូវបានគេទស្សន៍ទាយថា នឹងលិចបាត់ទាំងស្រុងក្នុងរយៈពេល ៣០ ឆ្នាំទៀត៕


 

adverise with khmeread