adverise with khmeread Save money

អ្នកមាន និង​មនុស្ស​ជោគជ័យ​សន្សំ​លុយ​របៀប​ម៉េច​?

​ក្នុងចំណោម​យើងទាំងអស់គ្នា​គ្មាន​នរណាម្នាក់​មិន​ចូលចិត្ត​មាន​លុយ​ច្រើន​នោះទេ​។ ប្រសិនបើ​អ្នក​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អ្នកមាន និង​អ្នក​ជោគជ័យ​មាន​លុយ​ច្រើន​ម្ល៉េះ អ៊ីចឹង​សូម​អាន​បន្តទៀត​។ ខាងក្រោម​នេះ​គឺ​ការ​ចងក្រង​អំពី​របៀប​ដែល​សេដ្ឋី​សន្សំ​លុយ​សម្រាប់​ឲ្យ​អ្នកអនុវត្ត​តាម​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ 

១- ប្រុងប្រយ័ត្ន​ពី​ការចំណាយ​តូចៗ​
​យើង​ភាគច្រើន​ប្រយ័ត្នប្រយែង​ចំពោះ​ការវិនិយោគ​ធំៗ និង​ការទិញ​ធំៗ​។ ទោះយ៉ាងណា យើង​ពុំ​សូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​រឿង​ចំណាយ​តូចៗ​។ ប៉ុន្តែ​ជាការ​ពិត ការចំណាយ​តូចៗ​ទាំងនេះ​អាច​គរ​លើ​គ្នា​ក្លាយជា​ការចំណាយ​ដ៏​ធំ​ដោយ​មិនដឹង​ខ្លួន​។ 

"​ត្រូវ​មើល​គ្រប់កន្លែង​ដែល​អ្នក​អាច​ដើម្បី​កាត់បន្ថយ​ចំណាយ​កំ​ប៉ិច​កំប៉ុក​។ ចំណាយ​កំ​ប៉ិច​កំប៉ុក​នេះ​នឹង​គរ​លើ​គ្នា​ក្លាយជា​ចំនួន​ដ៏​ច្រើន​មួយ​។​" - សេដ្ឋីនី Suze Orman

២- ផ្តោតលើ​អនាគត​
​វា​ងាយស្រួល​ទេ​ក្នុងការ​ចំណាយលុយ​ដើម្បី​ទទួលបាន​អ្វីដែល​យើង​ចូលចិត្ត​ប៉ុន្តែ​នៅ​ចុងបញ្ចប់​អ្នកនឹង​ចំណាយ​លើ​អ្វីៗ​ទាំងអស់​មិន​ថា​អ្នក​ពូកែ​រកលុយ​ប៉ុនណា​នោះទេ​។ ត្រូវ​បង្វែរ​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​អ្នក​លើ​អនាគត​ជាជាង​បំពេញ​ចំណង់​ចំណូលចិត្ត​ក្នុងពេល​បច្ចុប្បន្ន​។ 

"​អ្នក​អាច​នៅ​ក្មេង​ដោយ​គ្មាន​លុយ​បាន ប៉ុន្តែ​អ្នក​មិនអាច​ពេល​ចាស់​ទៅ​គ្មាន​លុយ​នោះទេ​។​" - លោក​សេដ្ឋី Tennessee Williams

៣- កុំ​ទិញ​របស់​មិនចាំបាច់​ដើម្បី​បង្អួត​អ្នកដទៃ​
​ទោះបី​យើង​គ្រប់គ្នា​ចង់បាន​ការសរសើ​រ​ពី​គូកន ឬ​មិត្តភក្តិ​ទាក់ទង​នឹង​របស់​ដែល​យើង​មាន យើង​ក៏ត្រូវ​ចេះ​ក្រិត​ដែន​កំណត់​សម្រាប់​ខ្លួន​យើង​ផងដែរ​។ អ្នក​គួរ​ទិញ​របស់​ដែល​អ្នកត្រូវការ ប៉ុន្តែ​កុំ​ទិញ​របស់​ទាំងនោះ​ដើម្បី​តែ​បង្អួត​គេ​ឲ្យ​សោះ​។ 

"​ឈប់​ទិញ​របស់​ដែល​អ្នក​មិន​ត្រូវការ​ដើម្បី​បង្អួត​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត​បន្តិច​ផង​នោះ​។​" - សេដ្ឋីនី Suze Orman

៤- ត្រូវ​ចេះ​រៀបចំ​គម្រោង​ថវិកា
​ក្នុង​ពិភពលោក​បច្ចុប្បន្ន មានការ​ចំណាយ​ច្រើនណាស់ ដែល​អាចធ្វើ​ឲ្យ​អ្នក​មិន​សេសសល់​លុយ​សន្សំ ប្រសិនបើ​អ្នក​មិនចេះ​រៀបចំ​គម្រោង​ថវិកា​របស់​អ្នក​។ ពួក​អ្នកមាន​ដឹងថា​លុយ​របស់​ពួកគេ​បាន​មកពីណា និង​ហូរ​ចេញ​ទៅណា​ច្បាស់លាស់​ណាស់​តាមរយៈ​ការធ្វើ​គម្រោង​ថវិកា​នេះឯង​។ 

"​គម្រោង​ថវិកា​នឹង​ប្រាប់ថា​លុយ​របស់​អ្នក​បាន​ទៅ​ទីណា ជំនួស​ឲ្យ​ការងឿងឆ្ងល់​ថា​តើ​វា​បាន​ទៅ​ទីណា​។​" - លោក​សេដ្ឋី John C. Maxwell

៥- ត្រូវខិតខំ​ប្រឹងប្រែង
​មនុស្ស​ទូទៅ​យល់ថា​អ្នកមាន​ចូលចិត្ត​សប្បាយ និង​រីករាយ​នឹង​ជីវិត​របស់ខ្លួន តែ​ផ្ទុយ​មកវិញ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ជាង​មនុស្ស​ធម្មតា​ទៅទៀត ជាពិសេស​នៅ​វ័យ​ដែល​ពោរពេញ​ដោយ​ផលិតភាព​បំផុត​របស់​ពួកគេ​។ ដូច្នេះ​ត្រូវ​ព្យាយាម​បង្កើន​ចំណូល​របស់​អ្នក​ហើយ​នៅពេលដែល​ចំណូល​កើនឡើង​ហើយ​នោះ ត្រូវ​សន្សំ​វា​ឲ្យ​បាន​ច្រើន​លើស​ពេលណាៗ​ទាំងអស់​។ 

"​ខ្ញុំ​ចូលចិត្ត​ការធ្វើ​ជំនួញ ហើយ​ការពិត​គឺថា​ខ្ញុំ​សន្សំ​លុយ​ច្រើនជាង​ចំណាយ​។ ខ្ញុំ​វិនិយោគ​។ ខ្ញុំ​រៀប​ផែនការ​សម្រាប់​អនាគត​។ ខ្ញុំ​មាន​ភ្នែក​ពិសេស​ដែល​សម្លឹង​ឃើញ​ឱកាស​ជាច្រើន ហើយ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ជាង​អ្នកដទៃ​រំពឹងទុក​ទៅទៀត​។​" - តារា​ស្រី និង​ជា​សេដ្ឋីនី​នាង Sofia Vergara 

៦- ត្រូវ​សន្សំ​លុយ​មួយផ្នែកធំ​ចេញពី​ខ្ទង់​ចំណូល​របស់​អ្នក
​ជាថ្មី​ម្តងទៀត យើង​តែងតែ​គិតថា​អ្នកមាន​ចូលចិត្ត​ចាយ​ខ្ជះខ្ជាយ និង​ចំណាយ​លើ​របស់​ជាច្រើន ប៉ុន្តែ​ពួកគេ​មិន​ធ្វើ​អ៊ីចឹង​នោះទេ​។ ហេតុនេះហើយ​បានជា​ពួកគេ​នៅតែមាន​។ ពួកគេ​សន្សំ​លុយ​មួយផ្នែកធំ​ពី​ខ្ទង់​ចំណូល​របស់​ពួកគេ​។ ដូច្នេះ​ត្រូវ​សន្សំ​លុយ​មួយផ្នែកធំ​ពី​ចំណូល​ដែល​អ្នក​រកបាន​។ ធ្វើ​ដូច្នេះ ទើប​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នកនឹង​មិន​អស់​លុយ​នៅពេល​ណាមួយ​នោះទេ​។​

"​ត្រូវ​សន្សំ​មួយ​ភាគបី រស់នៅ​ផ្អែកលើ​លុយ​មួយ​ភាគបី និង​ចាយវាយ​មួយ​ភាគបី​។​" - តារា​ស្រី​នាង Angelina Jolie

៧- ត្រូវ​ចេះ​ទិញ​អ្វីមួយ​ឲ្យ​ឆ្លាត និង​ពូកែ​តថ្លៃ
​ដូច​យើង​គ្រប់គ្នា​ដែរ អ្នកមាន​ក៏​ចេះ​រកមើល​របស់​ណា​ដែល​ធូរ​ថ្លៃ របស់​បញ្ចុះតម្លៃ និង​ពូកែ​តថ្លៃ​ម៉ៅ​ស្វិត​ផងដែរ​។ 

"​ហេតុអ្វី​អ្នក​ត្រូវ​ចំណាយ​ច្រើន​លើ​របស់​ដែល​អ្នកដទៃ​ទិញ​បាន​ថោក​នោះ​?" - តារា​ស្រី​នាង Sarah Michelle Gellar

៨- វិនិយោគ​ប្រាក់​សន្សំ​របស់​អ្នក​ឲ្យ​ឆ្លាត​វៃ
​អ្នក​អាច​នឹងមិន​ចាប់អារម្មណ៍​នឹង​លុយ​តិចតួច ប៉ុន្តែ​ចំនួន​តិចតួច​នេះ​អាច​គរ​លើ​គ្នា​ក្លាយជា​ចំនួន​ដ៏​ច្រើន​មួយ​។ ប្រសិនបើ​អ្នកមាន​ច្រើន វារឹតតែ​ប្រសើរ​។ ដើម្បី​បង្កើន​លុយ អ្នក​ត្រូវ​យកលុយ​មួយ​កាក់​មួយ​សេន​ដែល​សន្សំ​បាន​របស់​អ្នក​ទៅ​វិនិយោគ​ឲ្យ​ឆ្លាត​វៃ​ដើម្បី​ធ្វើ​ឲ្យ​វា​កើន​រឹតតែ​ច្រើន​។ 

"​ដាក់​មួយ​សេន​នៅទីនេះ ដាក់​មួយ​ដុល្លារ​នៅ​ទីនោះ ដើម្បី​យកការប្រាក់ និង​បន្តធ្វើ​បែបនេះ​ដើម្បី​កៀរគរ​ប្រាក់​បន្ថែម​។ ធ្វើតាម​របៀបនេះ​លទ្ធផល​នឹង​ហ៊ុ​ច​ចេញមក​ជាទី​គាប់ចិត្ត​។ វា​តម្រូវ​ឲ្យ​មានការ​ហ្វឹកហាត់​ខ្លះ ដើម្បី​សម្រេចបាន​ជំនាញ​សេដ្ឋកិច្ច​នេះ ប៉ុន្តែ​នៅពេល​អ្នក​ស៊ាំ​នឹង​វា អ្នកនឹង​មើលឃើញថា​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ក្នុងការ​សន្សំ​លុយ​ដែលមាន​ហេតុផល​ជាង​ការចំណាយ​ដែល​គ្មាន​ហេតុផល​។​" - លោក​សេដ្ឋី P. T. Barnum

៩- អនុវត្តតាម​រូបមន្ត​របស់​មហាសេដ្ឋី
​ការគិត​ទូទៅ​របស់​មនុស្ស​គឺថា​ពួកគេ​សន្សំ​លុយ​បន្ទាប់ពី​បំពេញ​ការចំណាយ​ចាំបាច់​រួច​។ ស្តាយ​របស់​មហាសេដ្ឋី​គឺ​ផ្ទុយ​ពី​មនុស្ស​ទូទៅ ដែល​យើង​ហៅ​ស្តាយ​នេះ​ថា រូបមន្ត​របស់​មហាសេដ្ឋី​។ បន្ទាប់ពី​រកបាន​ចំណូល​ហើយ ពួក​សេដ្ឋី​បាន​ទុក​ប៉ុន្មាន​ភាគរយ​សម្រាប់​ផ្តល់​ទៅ​សហគមន៍​វិញ និង​ប៉ុន្មាន​ភាគរយ​ទៀត​សម្រាប់​ការវិនិយោគ​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ហើយ​ពួកគេ​ចាយវាយ​លុយ​ដែល​នៅសល់​ពី​ការ​សន្សំ និង​វិនិយោគ​ប៉ុណ្ណោះ​។   

"​កុំ​សន្សំ​លុយ​ដែល​នៅសល់​បន្ទាប់ពី​ការចំណាយ ប៉ុន្តែ​ត្រូវ​ចំណាយ​អ្វីដែល​សល់​បន្ទាប់ពី​ការ​សន្សំ​។​" លោក​សេដ្ឋី Warren Buffet

១០- ខ្ទប់​កុំ​ឲ្យ​ធ្លាយ​លុយ​មួយ​កាក់​មួយ​សេន
​អ្នកមាន​មិនដែល​ចំណាយ​ប្រាក់​មិនចាំបាច់​នោះទេ​។ ពួកគេ​តែង​ប្រយ័ត្ន​ជានិច្ច​អំពី​ថ្លៃ​ផ្សេងៗ និង​ការគិត​កម្រៃ​ផ្សេងៗ ដែល​អាច​ចៀសវាង​បាន​។ 

"​ត្រូវ​ប្រយ័ត្នប្រយែង​អំពី​ការចំណាយ​តូចតាច​។ ការ​លេច​ធ្លាយ​តូច​មួយ​អាចធ្វើ​ឲ្យ​កប៉ាល់​ធំ​លិច​បាន​។​" - អតីត​ប្រធានាធិបតី​អាមេរិក លោក Benjamin Franklin៕

 

​ប្រភព​៖ ឡាយ​ហ៊ែ​ក​

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់