ជីវិតឡូរីនឹងត្រូវបាត់ខ្លួនដោយស្វ័យប្រវត្តិនៅឆ្នាំ២០១៩? ស្របពេលសព្វថ្ងៃមានភ្ញៀវទេសចរត្រឹមតែ...(មានវីដេអូ)

​បាត់ដំបង ៖ ឡូរីច្នៃឬរទេះភ្លើងឫស្សី ដែលកំពុងបើកបរលើផ្លូវរថភ្លើង ប្រមាណ ៤០ គ្រឿង ដែលមានអ្នកបើកបរ៤០នាក់ ត្រូវបានសមត្ថកិច្ចដាក់វេនបើកបរសម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស ដែលធ្វើដំណើរកម្សាន្តក្នុងមួយថ្ងៃៗប្រហែលជាង ២០០ នាក់ បានត្អូញត្អែរថា "ចំណូលប្រចាំថ្ងៃពួកយើងតិចតួច"។

​តើភ្ញៀវទេសចរស្វែងរកឡូរីជិះនៅឯណា? ពេលលោកអ្នកទៅដល់ទីរួមខេត្តបាត់ដំបង (ម្តុំតាដំបងក្រញូង) លោកអ្នកអាចធ្វើដំណើរបត់ឆ្វេងទៅទិសខាងលិច ឬសួរអ្នក រត់តាក់ស៊ី ឬម៉ូតូកង់បីទៅកាន់ស្ថានីយ៍រថភ្លើង "អូរដំបង" ឬ "រ៉ាអូរដំបង" ស្ថិតនៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

​ទៅដល់ទីនោះមានប៉ូលិសទេសចរណ៍ប្រចាំការ លោកអ្នកអាចសាកសួរព័ត៌មានអ្វីក៏បានទាក់ទងនឹងការជិះឡូរី។ អ្នកបើកបរឡូរីប្រមាណ ៤០ នាក់នៅអង្គុយ និងឈរ រង់រង់ចាំដឹកអ្នកដំណើរ។

​ភ្ញៀវត្រូវបង់ថ្លៃជិះឡូរីឱ្យម្ចាស់បេនតាមតម្លៃពីរ គឺភ្ញៀវបរទេសម្នាក់ថ្លៃ ២ ម៉ឺនរៀល ឬ៥ដុល្លារ និងភ្ញៀវខ្មែរម្នាក់ថ្លៃមួយម៉ឺនរៀល​។ បន្ទាប់ពីបង់ថ្លៃជិះឡូរីភ្ញៀវទេសចរឡើងជិះឡូរីដំបូងមានអារម្មណ៍ថា "ភ័យ" ព្រោះឮសំឡេងខ្លាំង ហើយរលាក់ខ្លាំងនៅផ្លូវ មានដំណរ។ ឡូរីមួយគ្រឿងកំណត់ជិះ៤នាក់ឬ៥នាក់ប៉ុណ្ណោះ។

​សម្រាប់ដំណើរទស្សនាលើផ្លូវរថភ្លើងចម្ងាយ៧គីឡូម៉ែត្រ ឡូរីបាននាំភ្ញៀវទៅដល់ស្ថានីយ៍រថភ្លើង "អូរស្រឡៅ" ស្ថិតក្នុង ឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ពេលធ្វើដំណើរជួបឡូរីច្រាសផ្លូវគ្នា ឡូរីដែលធ្វើដំណើទៅត្រូវលើកឡូរីចេញពីផ្លូវឱ្យអ្នកមកបានទៅមុនដោយម្ចាស់ឡូរីទាំង២ជួយលើកគ្នា។ ក្នុងករណីឡូរីខាងណាមានច្រើនជាង គឺនៅខាងហ្នឹងមានអាទិភាពជាង។ ខាងមានឡូរីតិចជាអ្នកលើកចេញពីផ្លូវ។

នៅទីនោះភ្ញៀវទេសចរអាចឈប់សម្រាកពី១៥នាទី ទៅ៣០នាទី ពួកគាត់នឹងជិះឡូរីដដែលមករ៉ាអូរដំបងវិញ។ នៅពេលវិលត្រឡប់មកវិញភ្ញៀវទេសចរមានអារម្មណ៍ថា "មិនភ័យខ្លាចដូចមុន"។ គិតរយៈពេលធ្វើដំណើរទៅមកប្រហែលមួយម៉ោង។

​លោក នូ សេង មន្ត្រីប៉ូលិសទេសចរណ៍ខេត្តបាត់ដំបងប្រចាំការនៅរ៉ាអូរដំបងបានឱ្យដឹងថា សព្វថ្ងៃមានភ្ញៀវទេសចរខ្មែរ និងបរទេសជិះឡូរីមួយថ្ងៃប្រហែលជាង ២០០ នាក់។ រដូវខ្លះមានភ្ញៀវថយចុះប្រមាណ១០០នាក់ក៏មាន។ សម្រាប់ភ្ញៀវទេសចរ បរទេសក្នុងម្នាក់តម្លៃ៥ដុល្លារនិងភ្ញៀវខ្មែរ ម្នាក់១ម៉ឺនរៀល ហើយមានម្ចាស់បេនជាអ្នកលក់សំបុត្រ។

​លោក វង់ វ៉ាត់ អាយុ៥២ឆ្នាំ ស្នាក់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ដែលជាអ្នកបើកបរឡូរីបានឱ្យដឹងថា ដោយសារតែសព្វថ្ងៃឡូរីមានចំនួនដល់ទៅ៤០គ្រឿង។ ឡូរីគាត់ បើកបរបាន២ដង (ទៅមក)។ បើកបានម្តងបានប្រាក់ពីម្ចាស់បេន ៧.០០០ រៀល បើបើក បាន២ដងបាន១៤.០០០រៀល។ កាត់ថ្លៃប្រេងសាំងមួយលីត្រ ៣.៤០០ រៀលនៅសល់ ១០.៦០០ រៀលប៉ុណ្ណោះ។ ប៉ុន្តែលោកបានលុយភ្ញៀវឱ្យក្រៅ ជួនកាលម្នាក់១ដុល្លារ ឬ៥.០០០រៀល ឬ១ម៉ឺនរៀល...។ល។

លោកស្រី វ៉ាន់ អាយុ៦០ឆ្នាំ ដែលមានតូបលក់វត្ថុអនុស្សាវរីយ៍នៅរ៉ាអូរស្រឡៅ បានឱ្យដឹងថា គាត់បានចំណាយប្រាក់ទិញឡូរី៤គ្រឿងឱ្យពលរដ្ឋដែលក្រីក្រក្នុងភូមិបើកបរ (មិនជួលទេ) ដើម្បីបានកម្រៃចិញ្ចឹមជីវិត។ តែឡូរីដែលគាត់ឱ្យបើកត្រូវដឹកភ្ញៀវមកដាក់ នៅមុខតូបគាត់។ គាត់ទទួលបានចំណូលពីភ្ញៀវដែលមកទិញទំនិញរបស់គាត់ មានដូចជាភេសជ្ជៈ ផ្លែដូង ខោអាវស្តើងៗ និង វត្ថុអនុស្សាវរីយច្រើនមុខទៀត។ ប្រសិនមាន ភ្ញៀវច្រើនបានចំណូលច្រើន បើភ្ញៀវតិចបានតិច។ លោកស្រីបញ្ជាក់ថា ពុំដែលមានភ្ញៀវ ទេសចរណាម្នាក់គ្រោះថ្នាក់ដោយសារជិះឡូរីនោះឡើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការសាងសង់កែលម្អផ្លូវដែកបន្តពីខាងកើតខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់នាចុងឆ្នាំ២០១៧ ហើយនៅដើមឆ្នាំ២០១៩ អាចដំណើរកាផ្លូវរថភ្លើងពីប៉ោយប៉ែតទៅភ្នំពេញ។ នៅពេលនោះ ឡូរី មិនខុសពីជីវិតអ្នករត់ទូកដនោះឡើយ ឡូរីនឹងបាត់ខ្លួនដោយស្វ័យប្រវត្តិពីទឹកដីខេត្តបាត់ដំបង៕

adverise with khmeread