អ្នករត់តាក់ស៊ីម៉ែត្រម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍បឹងទំពុន បាន​ទទួលឃាត់ខ្លួនសង្ស័យជាអ្នករត់តាក់ស៊ីម៉ែត្រម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០ យប់នៅចំណុច​មុខផ្ទះលេខ១២៧ ផ្លូវលេខ៣២បេតេ ​ភូមិ ក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះសៅ រដ្ឋា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ​ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បើកបររថយន្តតាក់ស៊ីម៉ែត្រ ​ពីបទលួច យកម៉ូតូ០១គ្រឿងម៉ាក សេ១០០កូរ៉េ កាលពីវេលាម៉ោង៩ និង៣០​​នាទី​ យប់ថ្ងៃទី៣១ កក្កដា ២០១៧ នៅចំណុច​មុខផ្ទះលេខ១២៧ ផ្លូវលេខ៣២បេតេ ​ភូមិ ក្បាលទំនប់២ សង្កាត់បឹងទំពុនទី២។

ចំណែកជនរងគ្រោះឈ្មោះ តាក ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ក្នុងនោះប៉ូលិសបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ តាក ផល្លា និង ដែក មុខស្រួចចំនួន ០១, សោចិញ្ចៀនលេខ៨ចំនួន០១ (ជារបស់ជនសង្ស័យ សៅ រដ្ឋា)។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ៕


 

adverise with khmeread