ឈាមអូ (O) គឺជាប្រភេទឈាមដ៏សំខាន់បំផុតតាំងពីសម័យមនុស្សកើតឡើងដំបូងមកម្ល៉េះ។ មនុស្សសម័យបុរាណដែលផ្ទុកឈាម O គឺពោរពេញទៅដោយកលល្បិច និងជាអ្នកប្រយុទ្ធឬអ្នកប្រមាញ់ដ៏មោះមុត។ មនុស្សឈាម O ដើរតួនាទីសំខាន់នៅគ្រប់សង្គមទាំងអស់ សូម្បីសង្គមទំនើបបច្ចុប្បន្ន។ ភាពជាអ្នកដឹកនាំ ភាពសកម្ម ថាមពល និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍បានល្អគឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់មនុស្សដែលមានឈាម O។ ពួកគេអាចជាមនុស្សមានអំណាច និងពោរពេញទៅដោយផលិតភាពការងារ។
ទោះយ៉ាងណា នៅពេលពួកគេជួបបញ្ហាស្ត្រេស៍ ពួកគេនឹងក្លាយជាមនុស្សខឹងដាច់ក្បាលដាច់កន្ទុយ ធ្វើការសកម្មហួសហេតុ និងផ្ចង់អារម្មណ៍ខ្លាំងពេក។ របបអាហារខ្សោយ កង្វះការហាត់ប្រាណ ទម្លាប់មិនល្អដល់សុខភាព ឬ ការកើនកម្រិតស្ត្រេសនឹងធ្វើឱ្យពួកគេងាយកើតបញ្ហារំលាយអាហារ ក្នុងនោះរួមមានទាំងរ៉េស៊ីស្តង់អាំងស៊ុយលីន ក្រពេញទីរ៉ូអ៊ីតពុំសូវធ្វើសកម្មភាព និងការធាត់ហួសប្រមាណ។
មនុស្សដែលមានឈាម O ងាយនឹងជួបបញ្ហាសុខភាពមួយចំនួនដូចជា ដំបៅក្រពះ ការខូចមុខងារក្រពេញទីរ៉ូអ៊ីត ធ្លាក់ចុះកម្រិតអ័រម៉ូននៅក្នុងក្រពេញទីរ៉ូអ៊ីត និង កង្វះជាតិអ៊ីយ៉ូត។ ប្រការនេះបង្កឱ្យមានផលប៉ះពាល់គួរឱ្យរំខានចិត្តជាច្រើន ដូចជាជំងឺធាត់ហួសប្រមាណ ការចាល់ជាតិទឹកក្នុងខ្លួន និងសូម្បីជំងឺដុះដុំសាច់។
* អ្វីទៅដែលធ្វើឱ្យមនុស្សឈាម O មានលក្ខណៈពិសេសដាច់គេ?
ក្នុងប្រទេសជប៉ុន ប្រភេទឈាមនេះត្រូវបានផ្សាភ្ជាប់ទៅនឹងប្រភេទបុគ្គលិកលក្ខណៈដ៏ពិសេសមួយជាយូរយារណាស់មកហើយ។ ជនជាតិជប៉ុនតែងតែសួរអំពីប្រភេទឈាម នៅពេលអ្នកសម្ភាសន៍ការងារ!
មនុស្សដែលមានឈាម O ភាគច្រើនត្រូវបានចាត់ទុកថាមានទំនួលខុសត្រូវខ្ពស់ ប្តេជ្ញាចិត្តខ្ពស់ មានរបៀបរៀបរយ ផ្តោតអារម្មណ៍បានល្អ មានមនសិកា និងពោរពេញដោយការអនុវត្តជាក់ស្តែង។ គេជឿថា ពួកគេអាចតម្រែតម្រង់ទិសដៅការងារបានល្អប្រសើរជាង ហើយពួកគេគឺជាមនុស្សមានវិចារណញ្ញាណក៏ល្អប្រសើរជាងផងដែរ។ នេះគឺដោយសារបុព្វបុរសរបស់ពួកគេគឺជាអ្នកប្រមាញ់ ដែលពូកែសង្កេត និងវាយតម្លៃបានច្បាស់លាស់អំពីស្ថានភាព ដើម្បីអាចរស់រានមានជីវិតក្នុងសម័យបុរាណកាល។
ដូចដែលបាននិយាយខាងដើម មនុស្សឈាម O ងាយនឹងកើតជំងឺដំបៅក្រពះ និងការខូចមុខងារក្រពេញទីរ៉ូអ៊ីត។ ក្រៅពីនេះ ពួកគេឧស្សាហ៍ថយចុះកម្រិតអ័រម៉ូនក្នុងក្រពេញទីរ៉ូអ៊ីត និង ខ្វះជាតិអ៊ីយ៉ូត។ ពួកគេក៏មានកម្រិតជាតិអាស៊ីតក្នុងក្រពះខ្ពស់ជាងមនុស្សឈាមប្រភេទផ្សេងផងដែរ ដោយហេតុនេះហើយទើបបណ្តាលឱ្យមនុស្សប្រភេទនេះឧស្សាហ៍ជួបបញ្ហាក្រពះ និង ដំបៅក្រពះ។
ស្ត្រេស៍អាចបង្កឡើងដោយការខឹងហួសប្រមាណ និងការផ្ចង់អារម្មណ៍ខ្លាំងពេក។ មនុស្សឈាមប្រភេទនេះក៏ងាយនឹងសម្តែងឥរិយាបថឆ្គាំឆ្គងខុសតម្រាផងដែរ នៅពេលពួកគេនឿយហត់ខ្លាំង បាក់ទឹកចិត្តខ្លាំង ឬធុញទ្រាន់។ ស្ត្រេស៍ទាំងនោះក៏អាចបណ្តាលមកពីការលេងហ្គេម ការលេងល្បែងប្រថុយប្រថាន និងការគិតរិះពិចារណាហួសហេតុផងដែរ។
កាហ្វេអ៊ីន និងជាតិស្រវឹងចាំបាច់ត្រូវតែចៀសវាង។ ជាតិកាហ្វេអ៊ីនអាចមានផលប៉ះពាល់ខ្លាំងដោយសារតែវាបង្កើននូវកម្រិតអ័រម៉ូន Adrenaline និង Nor-adrenaline ដែលមានខ្ពស់ស្រាប់នៅក្នុងខ្លួនមនុស្សឈាម O។ ការធ្វើលំហាត់ប្រាណទៀងទាត់ចាំបាច់ត្រូវតែធ្វើឡើងឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍៕
