ជួញដូរផ្លូវភេទឆ្លងដែន!!! "រូបរាងហ្អែងស្អាតប៉ុណ្ណឹងគួរយកប្តីចិនទៅ!"...

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ស្ត្រីម្នាក់ក្នុងករណីប៉ុនប៉ងជួញដូរផ្លូវភេទឆ្លងដែន ទៅប្រទេសចិន កាលពីថ្ងៃទី២ សីហា ២០១៧ វេលាម៉ោង ៦ល្ងាចនៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុង គឹមស៊ុយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ស. ល. ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពោត ស្នាក់នៅផ្ទះ កើតហេតុខាងលើ។

ប៉ូលិសបន្តថា នៅថ្ងៃទី១ សីហា ២០១៧ ជនរងគ្រោះកំពុងលក់ពោតស្ងោរនៅមុខផ្សារច្បារអំពៅ។ ពេលនោះមានស្រ្តីម្នាក់ (ជនសង្ស័យ) ដើរមកជួបជនរងគ្រោះ រួចនិយាយថា "រូបរាងហ្អែងស្អាតប៉ុណ្ណឹងគួរយកប្តីចិនទៅ!"។ ឮដូចនេះនាងបានយល់ព្រម ក៏ឡើងម៉ូតូឌុបមកផ្ទះជនសង្ស័យនៅសង្កាត់ចាក់អង្រែលើ។

លុះមកដល់ផ្ទះបានជួបមនុស្សប្រុសម្នាក់ប្រហែលអាយុ២៧ឆ្នាំ សួរថា "បើចង់បាន ប្តីចិនគេឱ្យប្រាក់បីពាន់ដុល្លារអាមេរិក រួចបានឱ្យប្រាក់ម្ភៃដុល្លារធ្វើអត្តសញ្ញាណបណ្ណនិងសំបុត្រកំណើត តើយល់ព្រមដែរឫទេ?"

ចំណែកជនរងគ្រោះឆ្លើយតបវិញថា "ចាំសម្រេចពីឪពុកម្តាយសិន" ហើយត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី២ សីហា ២០១៧ វេលាម៉ោង៣ និង៣០នាទីល្ងាច ជនសង្ស័យមកកន្លែងលក់ពោតមុខផ្សារអំពៅ ត្រូវបានជនសង្ស័យមកសួរដដែលព្រមឬមិនព្រម?

ពេលនោះប្អូនស្រីជនរងគ្រោះឌុបមកផ្ទះជួលជួបឪពុកម្តាយសុំសេចក្តីយល់ព្រម ជាមួយគ្នានោះឪពុកម្តាយ និងអ្នកជិតខាងមានការសង្ស័យក៏នាំមកប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២។ 

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread