ពិតជាសាហាវ!!! ផឹកស្រាជាមួយគ្នាសោះ...ឈ្លោះសម្លាប់គ្នាបោះចូលក្នុងទឹកសមុទ្រ

​ព្រះសីហនុ៖ កម្មករ​នេសាទមួយក្រុម បាន​ជុំ​គ្នា​ផឹក​ស៊ី​នៅ​លើទូ​ក​ ព្រោះ​មិន​បាន​ចេញ​ទៅ​នេសាទ​ ពេល​ស្រវឹង​បាន​ឈ្លោះ​ប្រកែក​គ្នា​ រហូត​ឈាន​ដល់​ប្រើអំពើហិង្សា​ កម្មករ​ ៣ នាក់ ព្រួត​វាយ​ ម្នាក់​រង​របួស​ធ្ងន់​ដល់​ស្លាប់​ ហើយ​រុញទម្លាក់​ទឹ​ក​ នៅចំណុចផែទំនប់រលក​ចាស់​ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ នៅ​យប់​ ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៧​ វេលាម៉ោង ៩ យប់ត្រូវបានប៉ូលិសចាប់ខ្លួនទាំង៣នាក់។

​លោក​វរសេនីយ៍​ទោ​ភុល​ ភស្តា ​អធិការ​ក្រុង​ព្រះសីហនុបាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ប៉ូលិស​មូលដ្ឋាន​ និង​កម្លាំង​រៀបរយ​ អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ដ្ឋាន​​ខេត្ត​ បាន​ចេញ​ធ្វើអន្តរាគមន៍​ភ្លាម​ៗ​ ហើយ​ព័ទ្ធ​ចាប់​បានជនសង្ស័យចំនួន​ ៣ នាក់​ នៅ​កន្លែង​កើតហេតុតែម្តង។

​លោក ភុល​ ភស្តា បន្តថា ជនសង្ស័យ៖ ១,ឈ្មោះ ហម គា​​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក, ២,ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ និង៣,ឈ្មោះ កើត សង្ហា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​។

​ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​រាវ​រក​ ជនរងគ្រោះ​ក្នុង​ទឹក​តែជន​រងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ​ បច្ចុប្បន្ននៅភូមិ-ឃុំទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​។ 

​លោកបញ្ជាក់ទៀតថា មូលហេតុ គឺពួកគេបានផឹកស្រាជាមួយគ្នាហើយទាស់ពាក្យសំដីគ្នា ឈានដល់កើតអំពើហិង្សាតែម្តង​៕

adverise with khmeread