អស់ទាស់!!! បុរសកម្ពុជាម្នាក់រស់នៅជាមួយដុំសាច់ណែនពេញមាត់ជាង ៣០ ទីបំផុតត្រូវគ្រូពេទ្យអូស្ត្រាលីចិត្តធម៌នាំទៅវះកាត់ជោគជ័យនៅក្រុង Adelaide

យោងតាម​វេបសាយ Daily Mail កាលពីថ្ងៃទី ៤ សីហាបានឱ្យដឹងថា វេជ្ជបណ្ឌិតអូស្ត្រាលីម្នាក់ បានធ្វើការវះកាត់ជាប្រវត្តិសាស្ត្រលើបុរសកម្ពុជាម្នាក់ ដែលមាត់ទាំងមូលរបស់គាត់ត្រូវបានបិទជិតជាមួយដុំសាច់ដ៏ធំ ដែលលយចេញតាមបបូរមាត់របស់គាត់។

លោក អេង ខេង អ្នកស្រុករស់នៅភូមិដាច់ស្រយាលក្នុងខេត្តកំពង់ចាម បានរស់នៅជាមួយជំងឺនេះអស់ ៣០ ឆ្នាំ ហើយមិនដែលបានទទួលការព្យាបាលធ្មេញម្តងណាឡើយ។
លោកវេជ្ជបណ្ឌិត Andrew Cheng រស់នៅទីក្រុង Adelaide បានដឹងអំពីករណីដ៏មិនគួរឱ្យជឿរបស់លោកខេង តាមរយៈអង្គការសប្បុរសធម៌មួយ ដែលគាត់ធ្វើការជាមួយក្នុងប្រទេសកម្ពុជា និងចង់ជួយគាត់។

លោក Andrew Cheng បានប្រាប់កាសែត Daily Mail Australia យ៉ាងដូច្នេះ "ខ្ញុំមិនដែលឃើញបែបនេះពីមុនទេ។ ខ្ញុំគិតថាមនុស្សជុំវិញពិភពលោកមិនដែលបានឃើញអ្វីមួយធំបែបនេះនោះឡើយ"។

លោកខេងពីដំបូងត្រូវបានពិនិត្យដោយក្រុមវេជ្ជបណ្ឌិតសម្រាប់ជំងឺភ្នែកឡើងបាយ មុនពេលក្រុមវេជ្ជបណ្ឌិតកត់សម្គាល់ឃើញដុំសាច់ដ៏ធំនេះនៅក្នុងមាត់គាត់។

ពួកគេបានជូនដំណឹងដល់លោកវេជ្ជបណ្ឌិត Andrew Cheng ដែលហោះទៅជាមួយសិស្សច្បងរបស់គាត់ទៅដល់ភូមិរបស់លោកខេង បន្ទាប់ពីបានទទួលបានព័ត៌មានវេជ្ជសាស្ត្រពីក្រុមគ្រូពេទ្យកម្ពុជា។

លោកវេជ្ជបណ្ឌិតនិយាយថា "ក្រុមវេជ្ជបណ្ឌិត និង គ្រូពេទ្យវះកាត់ក្នុងស្រុក បានរៀបចំការស្កែនតាមម៉ាស៊ីន CT ដើម្បីឱ្យប្រាកដថាវាមិនមែនជាដុំសាច់មហារីក។ យើងបានប្រើប្រាស់រាល់រូបថតស្កែនទាំងអស់ដើម្បីរៀបចំផែនការវះកាត់ក្នុងប្រទេសអូស្ត្រាលី"។

ដុំសាច់ក្នុងមាត់របស់គាត់គឺបណ្តាលមកពីជំងឺកម្រម្យ៉ាងហៅថា Gingival Hyperplasia។ មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ៧៥០.០០០ នាក់មានឱកាសកើតជំងឺនេះ។ នេះបើតាមលោកវេជ្ជបណ្ឌិត Andrew Cheng។

លោកខេងបង្ខំចិត្តទទួលទានអាហារដោយលេប ហើយទទួលទានបានចំណីអាហារតែប៉ុន្មានមុខប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Andrew Cheng បានប្រាប់កាសែត Daily Mail Australiaថា "គាត់ (អ្នកជំងឺ) ទទួលទានរបស់រាវៗ បាយ មី និងស៊ុប ប៉ុណ្ណោះ។ ហើយគាត់ចូលចិត្តទឹកក្រូចឆ្មា"។

ផ្លូវដង្ហើមរបស់លោកខេងរាងចង្អៀតបន្តិច ប៉ុន្តែសំណាងល្អ គាត់មិនដែលមានបញ្ហាផ្លូវដង្ហើមនោះឡើយ ទោះបីនៅជាមួយជំងឺកម្រនេះអស់ ៣០ ឆ្នាំក៏ដោយ។

បន្ទាប់ពីការវះកាត់ដ៏ជោគជ័យនៅមន្ទីរពេទ្យ Ashford Hospital ក្នុងក្រុង Adelaide គេមើលលោកខេងស្ទើរមិនចង់ស្គាល់ ហើយគាត់នៅសល់ស្លាកស្នាមបន្តិចបន្តួចប៉ុណ្ណោះនៅលើថ្ពាល់របស់គាត់។

ក្រោយពេលវះកាត់រួច និងត្រឡប់ទៅស្រុកវិញ លោកខេងត្រូវបានអញ្ជើញឱ្យទៅរស់នៅក្នុងវត្តមួយក្បែរផ្ទះគាត់ ដើម្បីផ្សះមុខរបួសឱ្យឆាប់ជាសះស្បើយទាំងស្រុងនៅទីនោះ៕


adverise with khmeread