ផ្សារទំនើប Aldi របស់អាល្លឺម៉ង់ ប្រមូលស៊ុតក្នុងផ្សារទាំងអស់ បំផ្លាញចោល ព្រោះផ្ទុកគីមីបង្កឱ្យខូចគ្រឿងក្នុងមនុស្ស

ក្រុមហ៊ុនផ្សារទំនើបយក្ស Aldi បានដកចេញរាល់ស៊ុតទាំងអស់ពីការលក់នៅហាងរបស់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់ ព្រោះស៊ុតទាំងនេះត្រូវបានបំពុលដោយថ្នាំសម្លាប់សត្វល្អិត។

ការធ្វើតេស្តបានបង្ហាញថា គីមី Fipronil ដែលអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ថ្លើម និងក្រពេញទីរ៉ូអ៊ីតរបស់មនុស្ស ត្រូវបានរកឃើញក្នុងស៊ុតមកពីប្រទេសហូឡង់។

Fipronil ត្រូវគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាចៃនិងសត្វល្អិតនៅលើមាន់។

មន្ត្រីអាល្លឺម៉ង់ម្នាក់បាននិយាយថា ស៊ុតដែលត្រូវបានបំពុលដល់ទៅ ១០ លានគ្រាប់ ប្រហែលត្រូវបានលក់នៅប្រទេសអាល្លឺម៉ង់។

Christian Meyer រដ្ឋមន្ត្រីកសិកម្មនៅរដ្ឋ Lower Saxony បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់យ៉ាងដូច្នេះថា មានគ្រោះថ្នាក់ដល់ក្មេងប្រសិនបើពួកគេបានញ៉ាំស៊ុតពីរគ្រាប់ក្នុងមួយថ្ងៃ។

កសិដ្ឋានបសុបក្សីប្រមាណ ១៨០ នៅប្រទេសហូឡង់ត្រូវបានបិទបណ្ដោះអាសន្ននាប៉ុន្មានថ្ងៃមកនេះ ស្របពេលការស៊ើបអង្កេតត្រូវបានធ្វើឡើង។

ប្រទេសហូឡង់គឺជាអ្នកនាំចេញស៊ុតនិងផលិតផលស៊ុតធំជាងគេរបស់អឺរ៉ុប និងធំជាងគេមួយនៅលើពិភពលោក។ ប្រទេសនេះនាំចេញស៊ុតប្រមាណ ៦៥ ភាគរយនៃស៊ុតចំនួន ១០ ពាន់លានគ្រាប់ដែលពួកគេផលិតជារៀងរាល់ឆ្នាំ៕

adverise with khmeread