លោក ញឹក ប៊ុនឆៃ ត្រូវបានឃុំខ្លួនហើយនៅពន្ធនាគារ...

ភ្នំពេញ ៖ ជីវិតនយោបាយរបស់លោក ញឹក ប៊ុនឆៃ ទំនងជាត្រូវបញ្ចប់ បន្ទាប់ពីតុលាការចោទប្រកាន់ចំនួន២បទល្មើសពាក់ព័ន្ធគ្រឿងញៀននាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នេះ ហើយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញនឹងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ខណៈពេលលោកកំពុងមានជំងឺទឹកនោមផ្អែម។

លោក ញឹក ប៊ុនឆៃ បច្ចុប្បន្នជាប្រធានគណបក្សខ្មែរ​រួបរួមជាតិ​ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ចំនួន២បទល្មើសពីបទ "សមគំនិតក្នុងបទល្មើលផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន" តាម​បញ្ញត្តិ​មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា ៣២.១ថ្មី ចំណុចទី៤-ង នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី​ការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥។ 

បន្ទាប់មកលោកក៏ត្រូវបានបញ្ជូនទៅដៃចៅក្រមស៊ើបសួរ​ លោក លី លឹបម៉េង ហើយ​បានចេញ​ដីកាសម្រេច​ឃុំខ្លួនបណ្តោះអាសន្ន​នៅពន្ធនាគារប៉េហ្ស៊ី (PJ) នាល្ងាចថ្ងៃទី៦​ សីហា​ ២០១៧នេះ។

លោក​ ញឹក​ ប៊ុនឆៃ​ ដែលធ្លាប់បានធ្វើជាប្រមុខរដ្ឋស្តីទីបានប៉ុន្មានថ្ងៃ ត្រូវបានប៉ូលិស ចាប់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ទី៣ សីហា​ ឆ្នាំ២០១៧ នៅក្បែរគេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ តាមដីការបស់តុលាការពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ 

ប៉ូលិសក៏បានបន្តប្រតិបត្តិការ​ ឆែកឆេរ​រកវត្ថុតាងបន្ថែមទៀត​ នៅផ្ទះរបស់លោក​ ស្ថិតក្នុងភូមិកែវចិន្តា​ សង្កាត់​ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី៤​ សីហា​ ២០១៧ពេលនោះ​ ប៉ូលិសបានដកហូតឯកសារមួយចំនួន​។

កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយ​ ដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សា របស់ លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសម្រាប់​ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរី​ពណ៌ស​ ដាក់ស៊ីរ៉ែន ពាក់ស្លាក លេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសម្រា​ប់បើកនាំមុខក្បួនរថយន្តរបស់លោក ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះផងដែរ។​ 

កាលនោះប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៍ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំញៀន៕

adverise with khmeread