ការគិតអវិជ្ជមាន ៧ យ៉ាងធ្វើឱ្យពុលខួរក្បាលរបស់យើងដោយមិនដឹងខ្លួន!

មនុស្សគិតអវិជ្ជមានដោយស្វ័យប្រវត្តិគ្រប់ពេល តែយើងមិនដែលចាប់អារម្មណ៍ ហើយយូរៗវានឹងក្លាយជាទម្លាប់។ នៅពេលមានអ្វីមួយគំរាមយើង ឬ នៅពេលមានអ្វីមួយមិនស្រួលកើតឡើង ការគិតអវិជ្ជមានដើរតួជាអ្នកការពារប្រឆាំងរាល់ការឈឺចាប់ ដែលយើងប្រឈម ប៉ុន្តែមុនពេលយើងដឹងរឿងនេះ ការគិតអវិជ្ជមានបានគ្រប់គ្រងលើជីវិតរបស់យើង និងទស្សនវិស័យរបស់យើងបាត់ទៅហើយ។ ហើយដូច្នេះហើយ ប្រសិនបើលោកអ្នកមានទំនោរគិតរឿងអវិជ្ជមានទាំង ៧ ដូចខាងក្រោមនេះ សូមប្រញាប់កែប្រែ ដើម្បីកុំឱ្យពុលខួរក្បាលរបស់យើង។

១. ខ្ញុំជាមនុស្សឥតបានការ
ពេលជួបបរាជ័យ យើងងាយនឹងនិយាយថា ជាមនុស្សឥតបានការណាស់។ ប៉ុន្តែយើងត្រូវចាំថា មិនមែនបរាជ័យទេជាអ្នកកំណត់ជោគវាសនារបស់យើង ផ្ទុយមកវិញ យើងទេជាអ្នកត្រូវកំណត់ជោគវាសនាដោយខ្លួនឯង ថាតើត្រូវរៀនសូត្រពីបរាជ័យ ឬ បោះបង់ក្តីសង្ឃឹមត្រឹមហ្នឹង?

២. ខ្ញុំនៅស្ទើរភ្លើងនៅឡើយ
ការដែលយល់ថាខ្លួនឯងនៅស្ទើរភ្លើង ធ្វើអ្វីមិនកើតទេ ជាគំនិតដែលអវិជ្ជមានបំផុត បំពុលដល់ខួរក្បាល។ ការគិតបែបនេះ គឺបានន័យថា លោកអ្នកយកបរាជ័យមកដាក់ពីមុខរួចទៅហើយ អ៊ីចឹងសូម្បីតែការចាប់ផ្តើម ឬ ប្រឹងប្រែងពីដើមទីមិនទាន់កើតឡើងផង បោះបង់ចោលក្តីសង្ឃឹមទៅហើយ។

៣. ខ្ញុំមិនទាន់សប្បាយចិត្តទេ ទាល់តែ...
ភាពរីករាយអាចកើតឡើងគ្រប់ពេលវេលា មិនមែនចាំទាល់តែមានលុយច្រើនសិន ចាំទាល់តែទិញបានទូរស័ព្ទទំនើបសិន ឬ ចាំទាល់តែមានផ្ទះវីឡាថ្មីសិន នោះទេ។ គ្រាន់តែលើកទូរស័ព្ទតេទៅសួរសុខទុក្ខមិត្តចាស់ពីរបីម៉ាត់ក៏អាចធ្វើឱ្យអ្នករីករាយបានដែរ កុំរង់ចាំរហូតទាល់តែអ្វីៗមានដូចចិត្តនោះ។

៤. ខ្ញុំស្អីក៏អន់ដែរ
ការគិតបែបនេះ គឺធ្វើឱ្យយើងនៅតែកន្លែងដដែល និងមិនអនុញ្ញាតឱ្យយើងរីកចម្រើនលូតលាស់បានទេ។ មិនទាន់សាកល្បងធ្វើអ្វីមួយផង កុំទាន់ថាខ្លួនឯងស្អីក៏អន់ដែរនោះ ព្រោះភាពជោគជ័យកើតឡើងពីការអនុវត្តរាល់ថ្ងៃ និងការប្រឹងប្រែងអស់ពីសមត្ថភាព។

៥. គ្មាននរណាចូលចិត្តខ្ញុំសោះ
មនុស្សគ្រប់គ្នាតែងតែចង់មានមនុស្សរាប់អាន ស្រឡាញ់ចូលចិត្ត ប៉ុន្តែជួនកាល អ្នកប្រហែលជានៅជាមួយមនុស្សខុស។ ចូរស្វែងរកមិត្តភក្តិណាដែលយល់ចិត្ត ជាជាងរកតែមិត្តដែលធ្វើឱ្យអ្នកពិបាកចិត្តរាល់ថ្ងៃ។

៦. យឺតពេលហើយ មិនអាចផ្លាស់ប្តូរអ្វីបានទេ
លើលោកនេះគ្មានអ្វីមួយដែលថាយឺតពេលក្នុងការផ្លាស់ប្តូរទេ លើកលែងតែសេចក្តីស្លាប់មួយប៉ុណ្ណោះ។ ដរាបណាមិនទាន់ដល់ទឹកចុងក្រោយ កុំទាន់អាលនិយាយថា យើងនឹងចាញ់ មិនអាចកែប្រែស្ថានការណ៍អ្វីបានទាំងអស់នោះ។

៧. ខ្ញុំដើរចាញ់គេឆ្ងាយណាស់
ប្រសិនបើលោកអ្នកគិតថា មិនទាន់មានដៃគូសហការ ឬ មានប្រាក់ខែចាញ់គេឆ្ងាយ នោះគឺជាការប្រៀបធៀប ដែលបន្ទាបបន្ថោកខ្លួនឯងជាខ្លាំង។ មនុស្សគ្រប់គ្នាសុទ្ធតែមានគោលដៅរៀងៗខ្លួន ដើម្បីសម្រេចឱ្យបាន ដូច្នេះឈប់ប្រៀបធៀបខ្លួនឯងទៅរូបគេ ហើយផ្តោតសំខាន់លើគោលដៅ និងភាពខ្លាំងរបស់ខ្លួនឡើងវិញ៕

adverise with khmeread