ស្រវឹងជោកបើកឡិចស៊ីសបុករះហាងជប៉ុនខ្ទេចវ៉ុល...របួសបាក់ជើងម្នាក់

ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបានបើកតាមបណ្តោយផ្លូវព្រះមុនីវង្សមកដល់ ផ្លូវ២៩៤ រេចង្កូតទៅឡើងចិញ្ចើមបុកភោជនីយដ្ឋានសាច់អាំងជប៉ុនរ៉ុកកុ បណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿង, កៅអីជាច្រើនទៀតព្រមទាំងរងរបួសសន្តិសុខម្នាក់ បាក់ជើងយ៉ាងធ្ងន់ធ្ងរហើយបន្តរត់ទៅមុខប៉ះកង់បីមួយទៀតរងការខូចខាត ហើយហួសទៅមុខប្រហែល៥ម៉ែត្រ ទើបឈប់បើកទ្វារឡានរត់បាត់នៅសល់ម្នាក់ស្រវឹងជោកសួរ នាំមិនដឹងអី វ៉ុលៗ។

​គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកង១ខណ្ឌ ចំការមនរាជធានីភ្នំពេញ។ 

​សាក្សីនិយាយថា ដំបូងមានរថយន្ត ឡុចស៊ីស GS 300 ពណ៌សមិនចាំស្លាកលេខ (អ្នកបើកដោះយកទៅបាត់) ទំនងស្រវឹងបើកតាមបណ្តោយផ្លូវព្រះមុនីវង្សយ៉ាងលឿនទិសដៅពីត្បូងទៅជើង។

​ខណៈមកដល់កន្លែងកើតហេតុក៏រេចង្កូតបុកឡើងលើចិញ្ចើមភោជនីយដ្ឋានសាច់អាំងជប៉ុន រ៉ុកកុ បណ្តាលឱ្យខូចខាតរបស់របរជាច្រើនរួមទាំងម៉ូតូមួយគ្រឿង និងរងរបួសសន្តិសុខ ក្រុមហ៊ុន D.P.S ម្នាក់ មានឈ្មោះ ស៊ូ វិបុល អាយុប្រហែល២០ឆ្នាំជាង បណ្តាលឱ្យបាក់ជើងស្តាំ ហើយក៏ឃើញអ្នកបើកឡានដោះស្លាកលេខចេញមកក្រៅរត់បាត់ដោយ ទុកមនុស្សម្នាក់ស្រវឹងដេកក្នុងឡានសួរនាំមិនដឹងអី មិនបានស្គាល់ឈ្មោះឡើយ។

​ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានមកសម្រួលចរាចរណ៍ និងសហការជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីដោះស្រាយនៅថ្ងៃពេលក្រោយ៕

adverise with khmeread