បង្ហាញមុខចោរ (សិស្ស)...សារភាពធ្លាប់ឆក់ជាង២០ដង...

​ភ្នំពេញ ៖ ក្រុមចោរឆក់៤នាក់ឆក់កក្រើកនៅរាជធានីភ្នំពេញបានចំនួន ២២ លើក ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបង្ហាញមុខជាសាធារណៈ កាលពី ព្រឹកថ្ងៃទី៧ សីហា ២០១៧ បន្ទាប់ពីបានបង្ក្រាបនាពេលថ្មីៗនេះ។

​លោកវរសេនីយ៍ឯក អេង សោភា នាយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីបានឱ្យដឹងថា កករោយពីបានបើកកិច្ច សហប្រតិបត្តិការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្នុងរយៈពេល២ថ្ងៃ រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញ មុខក្រុមចោរ ដែលតែងតែ ធ្វើសកម្មភាពឆក់កាបូបស្ពាយ ទូរស័ព្ទ និងសម្ភារៈផ្សេងៗ យ៉ាងសកម្ម ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ដកហូតវត្ថុតាងម៉ូតូ១គ្រឿង និងកាបូបស្ពាយ ដែលមានឯកសារ និងថវិកា៩.៤០០ដុល្លារ។

​លោក អេង សោភា បានបន្តថា ក្រុមជនសង្ស័យ ជាចោរឆក់យ៉ាងសកម្ម ក្នុងរាជធានី ភ្នំពេញទាំង៤នាក់ខាងលើ ដែលបង្ក្រាបបាន និងត្រូវដាក់បង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ បន្ទាប់ពីប្រតិបត្តិការស៊ើបអង្កេតរយៈពេល២ថ្ងៃ ក្នុងករណីក្រុមជនសង្ស័យ ខាងលើនេះបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិកូរ៉េម្នាក់ ដែលកំពុងដើរតាមផ្លូវ រហូតបានសម្រេច ហើយយកបានប្រាក់ជាង២ម៉ឺនដុល្លារ កាលពីព្រឹកថ្ងៃទី៣ ខែសីហា កន្លងមកថ្មីៗនេះ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥១ ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

​បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យកម្រិតធ្ងន់ បើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ភ្លាមៗរយៈពេល២ថ្ងៃប៉ុណ្ណោះ អាចឈានទៅដល់ការបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យបានតែម្ដងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ថានីយ៍ប្រេងតេលាមួយកន្លែង ម្ដុំវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GG-8637 រួមនិងកាបូបស្ពាយ១ មានប្រាក់៩.៤០០ដុល្លារ និងឯកសារមួយចំនួនផងដែរ។

​លោក អេង សោភា បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបក្រុមជនសង្ស័យជាក្រុមចោរឆក់ទាំង៤នាក់ ពួកគេបានឆ្លើយសារភាពថា កន្លងមកបានធ្វើសកម្មភាពឆក់ ចំនួន២២លើក ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែឆក់លើកចុងក្រោយនេះ ពោលគឺឆក់ជាលើក ទី២៣ ស្រាប់តែត្រូវប៉ូលិសចាប់ខ្លួនតែម្ដង។ 

​ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ទូច ម៉េងហ័ង ហៅហ័ង ភេទប្រុស (ជាជនដៃដល់ធ្វើសកម្មភាពឆក់), ទី២-ឈ្មោះ ជ័យ សំណាង ភេទប្រុស (ជាអ្នកបើកម៉ូតូឌុបជន ដៃ ដល់), ទី៣-ឈ្មោះ វ៉ា គីមហ័រ ភេទប្រុស (ជាអ្នកបើកម៉ូតូបិទគូទ) ជនសង្ស័យជាក្រុមចោរឆក់ទាំង៣នាក់ អាយុ១៧ឆ្នាំស្មើគ្នា និងមានមុខរបរជាសិស្ស ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី៤-ឈ្មោះ រិន ចាន់ត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (ជាអ្នកជិះម៉ូតូបិទគូទ) ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

​ចំណែកជនរងគ្រោះឈ្មោះ DAVID ZHOU ភេទប្រុស ជនជាតិកូរ៉េ អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១២ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ និងជាអ្នកទេសចរណ៍។

​ក្រោយបង្ក្រាប និងដាក់បង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានី ភ្នំពេញ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃនេះហើយ៕

adverise with khmeread