ច្បាប់គឺច្បាប់!!! ក្មេងស្រីសិស្សសាលាជនជាតិអាល្លឺម៉ង់អាយុ ១៦ ឆ្នាំប្រឈមទោសប្រហារជីវិត ពីបទចូលរួមជាមួយពួក ISIS

នេះជាទិដ្ឋភាពមួយ ដែលក្មេងស្រីសិស្សសាលាអាល្លឺម៉ង់ម្នាក់ត្រូវគេប្រទះឃើញលាក់ខ្លួននៅក្នុងទីក្រុងម៉ូស៊ុល ដែលហែកហួរដោយសារសង្គ្រាម បន្ទាប់ពីនាងបានចាកចេញពីអាល្លឺម៉ង់ដើម្បីចូលរួមជាមួយពួក ISIS។

នាង Linda Wenzel អាយុ ១៦ ឆ្នាំរូបនេះ ត្រូវបានទាហានអ៊ីរ៉ាក់ថតវីដេអូ នៅពេលគេចាប់ទាញនាង ទាំងមានរបួសដៃ ចេញពីតំបន់រឹងមាំរបស់ពួកភេរវករ ISIS ក្នុងក្រុងម៉ូស៊ុល។

វីដេអូបង្ហាញក្មេងស្រីជំទង់នេះកំពុងឈឺចាប់មុខរបួស និងស្រែកជាខ្លាំង នៅពេលនាងត្រូវបាននាំខ្លួនចេញទៅគុកចល័តមួយ ខណៈទាហានជាច្រើននាក់នាំគ្នាស្រែកអបអរការចាប់ខ្លួននាង។

មានរបាយការណ៍ជាច្រើនលើកឡើងថា នាងកំពុងត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយជុំវិញបទល្មើសភេរវកម្ម និងអាចប្រឈមទោសប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ាក់ ចំពោះការក្លាយជាសមាជិក ISIS។

នាង Wenzel ដែលប្តូរមកកាន់សាសនាអ៊ីស្លាម ពេលនាងនៅជាសិស្សសាលាអាយុ ១៥ ឆ្នាំក្នុងទីក្រុងកំណើតរបស់នាង Pulsnitz ក្នុងភាគខាងកើតប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន បានរត់ចេញពីផ្ទះដើម្បីចូលរួមជាមួយក្រុមភេរវកម្មឃោរឃៅនេះ បន្ទាប់ពីត្រូវបានលាងខួរក្បាលដោយអ្នកជ្រើសរើសទ័ពរបស់ ISIS ម្នាក់៕



adverise with khmeread