រយៈពេលមួយខែអាវុធហត្ថរាជធានីបង្ក្រាបគ្រឿងញៀន២៧លើកឃាត់ជនសង្ស័យ៨៣នាក់

ភ្នំពេញ ៖ កងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចេញ របាយការណ៍ប្រចាំខែគិតពីថ្ងៃទី១៣ កក្កដា ដល់ថ្ងៃទី៧ សីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថបានបង្ក្រាប បទល្មើសគ្រឿងញៀន បាន ២៧ លើកឃាត់ខ្លួនមនុស្ស ៨៣ នាក់ ​(ស្រី១០នាក់) ត្រូវបាន បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ចំនួន៨២នាក់ និងមណ្ឌលអប់រំម្នាក់។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៧ សីហា ថាប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខែកន្លងទៅនោះ កម្លាំងអាវុធហត្ថដកហូតវត្ថុតាង បានរឹបអូសពីជនសង្ស័យរួមមានម្សៅក្រាមពណ៌ស២៨៦កញ្ចប់ (៤៤,៧២ក្រាម), ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង, ប្រាក់ខ្មែរ ១៦៧ ០០០ រៀល, ប្រាក់អាមេរិក២ដុល្លារ, ទូរស័ព្ទ២៨នាឡិកា២គ្រឿង, ដាវ១, កាបូប៣, កូនថង់ប្លាស្ទីកតូចៗ និងសម្ភារៈជក់មួយចំនួនទៀត។

មន្ត្រីដដែលបានបន្តទៀតថា ការបង្ក្រាបខាងលើនេះបែងចែកជា៣ផ្នែកគឺ១-ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន១៤លើកឃាត់ខ្លួន២៤នាក់ (ស្រី៨នាក់), ទី២-ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន២លើកឃាត់ខ្លួន៤នាក់ (ស្រីម្នាក់) និង៣-ប្រើប្រាស់គ្រឿង ញៀន១១លើកឃាត់មនុស្ស៥៥នាក់(ស្រីម្នាក់)។

ក្រោយពីបានសាកសួររួចរាល់ហើយនោះកម្លាំងអាវុធហត្ថការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀនរាជធានី បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ៨២ នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ និងម្នាក់ (ប្រុស) បញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ៕