​ជប៉ុន​ធ្វើ​សមយុទ្ធ​ការ​វាយឆ្មក់​តាម​អាកាស​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ ចំពេល​មានការ​ព្រួយបារម្ភ​ថា គីម ជុង​អ៊ុន​អាច​វាយប្រហារ​នុយក្លេអ៊ែរ​

​ប្រទេស​ជប៉ុន​បាន​បើក​សមយុទ្ធ​ការ​វាយឆ្មក់​តាម​អាកាស​ជា​លើកដំបូង​របស់ខ្លួន ចាប់តាំងពី​សង្គ្រាមលោក​ទី​ពីរ ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការវាយប្រហារ​នុយក្លេអ៊ែរ​ដោយ​កូរ៉េខាងជើង​។​

​ប្រជាជន​នៅ​ឆ្នេរ​ភាគ​ពាយព្យ​ប្រទេស​ជប៉ុន បាន​អនុវត្ត​ការរត់​រក​កន្លែង​ការពារ​ខ្លួន​បន្ទាប់ពី​ការធ្វើ​តេស្ត​នាពេល​ថ្មីៗ​នេះ​នូវ​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ គីម​ជុង​អ៊ុន​។​

​របាយការណ៍​មួយ​ថត​ដោយ BBC បង្ហាញ​ពី​មនុស្សពេញវ័យ និង​ក្មេងៗ​នាំគ្នារ​ត់ទៅ​ក្នុងផ្ទះ ឬ​ជម្រក​ក្រោយ​ជញ្ជាំង​ខណៈ​សំឡេង​ស៊ី​រ៉ែ​ន​បាន​បន្លឺឡើង​។​

​សំឡេង​ពី​ឧបករណ៍​បំពង​សំឡេង​អាច​ត្រូវ​ឮ​និយាយថា "​មី​ស៊ី​ល​មួយ​ត្រូវបាន​បាញ់ ហើយ​កំពុង​ឆ្ពោះ​មក​ទិសដៅ​នេះ​។ សូម​រក​កន្លែង​ការពារ​ក្នុង​អគារ​បេតុង​"​។​

​ការអនុវត្ត​នេះ​បានកើត​ឡើង ខណៈ​កូរ៉េខាងជើង​បាន​រិះគន់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដោយ​ហៅ​ការដាក់ទណ្ឌកម្ម​ទាំងនោះ​ថា ជាការ​រំលោភ​ដ៏​អាក្រក់​លើ​អធិបតេយ្យ និង​រករឿង​ជាមួយ​សាធារណរដ្ឋ​របស់​ពួកគេ​។​

​សេចក្ដីថ្លែងការណ៍​មួយ​បាន​និយាយថា គីម​ជុង​អ៊ុន នឹង​សងសឹក​រាប់ពាន់​ដង​វិញ​លើ​សហរដ្ឋអាមេរិក និង​បញ្ចេញ​ការសម្រេច​យុត្តិធម៌​លើ​អាមេរិក ដោយ​សន្យាថា នឹងមិន​បញ្ឈប់​ពង្រឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​ឡើយ​។ មេដឹកនាំ​ផ្ដាច់ការ​រូបនេះ​ក៏​នឹងមិន​ចរចា​ជុំវិញ​អាវុធ​ប្រល័យ​លោក ដរាបណា​រដ្ឋាភិបាល​អាមេរិក​និង​ការ​គំរាម​នុយក្លេអ៊ែរ​នៅតែ​បន្ត​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​រដ្ឋ​ឯកោ​មួយ​នេះ​បានចេញ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ ដែល​បានដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម ១ ពាន់​លាន​ដុល្លារ​លើ​ការនាំចេញ​របស់​កូរ៉េខាងជើង​៕

 

adverise with khmeread