កញ្ញាស៊ីស៊ី ចង់ហោះពេលឮឈ្មោះជាប់ជាកញ្ញាឯកពេលទៅប្រលងនៅប្រទេសម៉ាឡេស៊ី

    ដោយ-ខ្មែររីដ
    ភ្នំពេញ-តារាសម្តែង កញ្ញា ស៊ីស៊ី បាននិយាយថា នាងស្ទើរតែមិនជឿថាខ្លួនបានគ្រងមកុដ កញ្ញាឯកក្នុងព្រឹត្តិការណ៍ Miss Beauty Between Cambodia and Vietnam ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ សីហា ២០១៧ នៅប្រទេសម៉ាឡេស៊ីនោះទេ ត្បិតអីបេក្ខនារីចូលរួមជិត៣០រូប សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញទាំងអស់គ្នា រួមទាំងបេក្ខនារីវៀតណាម និងបេក្ខនារីទៅពីប្រទេសកម្ពុជា ដែលរួមដំណើរជាមួយគ្នានោះដែរ។ នេះបើតាមការបញ្ជាក់ របស់ តារាសម្តែង កញ្ញាស៊ីស៊ី ថ្លែងប្រាប់តាមទូរស័ព្ទ។ 

    តារាស្រីវ័យម្ភៃស្តើង កញ្ញាស៊ីស៊ី បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួតសម្រស់របស់ខ្លួន ជាមួយនឹងបេក្ខនារី មកពីប្រទេសវៀតណាម ២០រូប បូករួមនឹងបេក្ខនារីទៅពីប្រទេសកម្ពុជា ៧រូបទៀត ក្នុងព្រឹត្តិការណ៍ Miss Beauty Between Cambodia and Vietnam កញ្ញាបានបន្តថា ការប្រកួតប្រជែងធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានការវាយតំលៃ និងផ្តល់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីគណកម្មការជនជាតិម៉ាឡេស៊ី។ កញ្ញាស៊ីស៊ី បានបន្ថែមថា ការផ្តល់ពិន្ទុខ្ពស់បំផុតគឺអោយទៅលើការស្លៀកសំលៀកបំពាក់ ជាឈុតហែលទឹក ប៊ីគីនី និង ស្លៀកឈុតរាត្រី សមោ-ស។ 

    ពាក់ព័ន្ធនឹងជ័យជំនះមួយនេះ កញ្ញា ស៊ីស៊ី បានផ្តល់សម្ភាសន៍ថា កញ្ញា ត្រូវបានក្រុមហ៊ុនធំមួយផ្នែកផ្សព្វផ្សាយផលិតផល ជាអ្នកអញ្ជើញនាងឲ្យចូលរួមប្រកួតដោយមានបេក្ខនារីចំនួន៧រូប ចេញពីប្រទេសកម្ពុជា និងចំនួនជិត២០រូប មកពីប្រទេសវៀតណាម ដែលមានរូបរាងសុទ្ធសឹងតែស្រស់ស្អាតនឹងទាក់ទាញ ដូច្នេះហើយការជាប់ជ័យលាភីនេះលេខមួយ គឺជាឱកាសនិងមានភាពភ្ងាក់ផ្អើលសម្រាប់ខ្លួនឯងមែនទែន។ 
    
    ចំណែករង្វាន់ដែលកញ្ញាស៊ីស៊ី ទទួលបាន មានទឹកប្រាក់រង្វាន់ចំនួនពីរពាន់ដុល្លារ រួមនឹងរង្វាន់អមជាច្រើនទៀត។ ស៊ីស៊ី ប្រាប់អារម្មណ៍ពិត ថាខ្លួនមានអារម្មណ៍ចង់ហោះពេលដែលគណៈកម្មការប្រកាសឈ្មោះរបស់នាងថាទទួលបានចំណាត់ថ្នាក់លេខមួយ ជាកញ្ញាឯក (Champion) ចំណែកចំណាត់ថ្នាក់លេខពីរ 1st Runner Up និងចំណាត់ថ្នាក់លេខបី 2ndRunner Up បានទៅលើកញ្ញាមកពីប្រទេសវៀតណាម៕ 


       
    

adverise with khmeread