ឆក់ខ្សែកបានសម្រេចហើយជិះម៉ូតូកាត់មុខផ្ទះជនរងគ្រោះ...ជាប់ខ្នោះ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចសហការជាមួយក្រុមគ្រួសារជនរងគ្រោះស្ទាក់ឃាត់ចាប់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍សំរោងធំចាត់ការតាមនីតិវិធី បន្ទាប់ពីបានធ្វើសកម្មភាពឆក់ខ្សែកប្លាកទីនរបស់នារីម្នាក់កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា នារីរងគ្រោះឈ្មោះអេង.វណ្ណដាអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ.ស្រុកកៀនស្វាយ។សម្ភារៈដែលបាត់បង់ត្រូវជនសង្ស័យឆក់យកទៅមានខ្សែកប្លាកទីនមួយខ្សែតម្លៃ១៥០ដុល្លារ។.    

​ចំណែកជនសង្ស័យឈ្មោះ ជា ពីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។ 

​ប៉ូលិសបន្តថា ដំបូងនារីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅធ្វើការវេនយប់នៅរោងចក្រខាងលើ។ លុះមកដល់ចំណុចមុខរោងចក្រស្រាប់តែជនសង្ស័យស្ទុះមកឆក់ខ្សែកពីនារី រងគ្រោះបានសម្រេចរួចរត់ឡើងជិះម៉ូតូម៉ាកនិចពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង 1I.4267 មួយគ្រឿងគេចខ្លួនបាត់។

​ដោយសារតែនារីរងគ្រោះស្គាល់ចំណាំស្លាកលេខម៉ូតូភ្លាមនោះនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសំរោងធំនិងបានទូរស័ព្ទប្រាប់អ្នកផ្ទះឱ្យជួយស្ទាក់ រកព្រោះមុខសញ្ញាជនសង្ស័យជិះម៉ូតូសំដៅចុះទៅផ្ទះរបស់នាងហើយ។

​បន្ទាប់ពីទទួលបានព័ត៌មានពីកូនភ្លាមក្រុមគ្រួសារនារីរងគ្រោះបានទៅប្រាប់លោកមេភូមិសហការគ្នាជាមួយប្រជាពលរដ្ឋចាំឃ្លាំមើលមួយសន្ទុះស្រាប់តែឃើញមុខសញ្ញា ជិះម៉ូតូមកកាត់តាមមុខផ្ទះក៏នាំគ្នាស្ទាក់ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចាបការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់យកខ្សែករបស់នារីរងគ្រោះពិតប្រាកដមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យលោកហេង.ផេងព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានអនុញាតឱ្យឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

adverise with khmeread