ឃាតករតាមដងផ្លូវឆក់យកជីវិតមនុស្ស ៤ នាក់, របួស២នាក់នៅតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាលឱ្យស្លាប់៤នាក់ និងរបួសធ្ងន់១នាក់ ស្រាល១នាក់កើតឡើងនាថ្ងៃ​ទី០៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០១ និង១០នាទីនៅចំណុច k12 លើផ្លូវជាតិ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។  

​ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក CAMRY (ឆ្លាម) ពណ៌ស្ករស្លាកលេខ ភ្នំពេញ 2H-3738 អ្នកបើកបរឈ្មោះ នៅ ថារ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បើកបរចេញពីផឹកស៊ី (ស្រវឹងជោគជាំ) ​ក្នុង​ទិសដៅ​ពីជើងទៅត្បូង ក្នុងល្បឿនលឿន (តាខ្មៅ ស្អាង)​។

​លុះមកដល់ចំណុចខាងលើក៏បានរេចង្កូតទៅឆ្វេងបុកចំពីចំហៀងជាមួយរថយន្ត Hyundai ពណ៌ស ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-2452 ប្រភេទធំ ចំណុះ១០តោន ដឹកពោត អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ (គេចបាត់) បើកបរក្នុងទិសដៅពីត្បូងមកជើង (ស្អាង តាខ្មៅ)។

​គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នករួមដំណើរជាមួយរថយន្ត CAMRY រងរបួសធ្ងន់ ម្នាក់ ស្រាលម្នាក់ និងស្លាប់០៣ នាក់៖ ទី១ ឈ្មោះ ម៉ុង សុងហ៊ត ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ, ទី២ ឈ្មោះ គង់ ចេងហេង ភេទប្រុស អាយុ៣៤(ស្លាប់) មានទីលំនៅក្នុងភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង, ទី៣ ឈ្មោះស្រ៊ី ស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ, ទី៤ ឈ្មោះ ឡេង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង និងទី៥ ញ៉ ធឿង ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ត្រូវបាន រថយន្តរបស់គ្លីនិកហុង ហាក់ដឹកយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញ។

​ចំណែកអ្នកស្លាប់៤នាក់ទៀតត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាលនឹង រថយន្តសង្គ្រោះរបស់រាជធានីភ្នំពេញដឹកយកប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយទាំង ២ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបានក្រុងតាខ្មៅដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ 

​មូលហេតុមកពីអ្នកបើកបរ​រថយន្តម៉ាក CAMRY បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ (ទើបនឹងចេញពីផឹកនិងច្រៀងខារ៉ាអូខេ) ហើយពេលចេញមកបានបើកក្នុងល្បឿនលឿន បាត់ម្ចាស់ការ ចូលស្តាំខាងរថយន្ត HYUNDAI បុកមួយទំហឹង ចំពីចំហៀងខាងឆ្វេង​៕

adverise with khmeread