ចោរស្ទើរភ្លើងប្រើកាំភ្លើងជ័រប្លន់យកម៉ូតូប៊ិះបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖  កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ បានវ៉ៃខ្នោះជនសង្ស័យម្នាក់ជាក់ស្ដែងពីបទប្រើកាំភ្លើងជ័រភ្ជង់ប្លន់យកម៉ូតូពុំបានសម្រេច ប្រព្រឹត្តនៅចំណុចផ្លូវ២៣០ កែង ផ្លូវ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៤និង២០នាទីជិតភ្លឺ ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រេង បូរី ហៅ បូរី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះបន្ទប់ជួលលេខ ៣ ជាន់ទី៣ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន កាំភ្លើងខ្លីជ័រមួយដើមម៉ាក CONGLE -CL-167 ពណ៌ខ្មៅ និងកាបូបស្ពាយពណ៌សូកូឡាចំនួនមួយ។

ចំណែកជនរងគ្រោះឈ្មោះ កែវ ណាត ភេទប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលលេខ ១១៨ ផ្លូវ ភូមិ ៩ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ កែវ ណាត បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let 's ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-2150 ឌុបម្ដាយមក ទិញផ្លែឈើនៅផ្សារនាគមាស​។ ពេលជនរងគ្រោះមកដល់ក៏ឈប់ហើយអង្គុយនៅលើម៉ូតូចាំម្ដាយ នៅផ្លូវ២៣០ កែង ផ្លូវ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​។

ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ស្រេង បូរី ហៅ បូរី បាន ដើរមកក្បែរជនរងគ្រោះរួចដកកាំភ្លើងខ្លីជ័រពីចង្កេះយកមកភ្ជង់ចង្កេះស្ដាំជនរងគ្រោះគំរាមយកម៉ូតូដោយនិយាយថា "បើមិនឱ្យម៉ូ​តូបាញ់ងាប់ឥឡូវ"។ ពេលនោះជនរងគ្រោះភ័យក៏ផ្តួលម៉ូតូរួចកាច់សោពន្លត់ម៉ាស៊ីនតែសោនៅជាប់កម៉ូតូហើយរត់ចេញពីម៉ូតូ​។

​ភ្លាមនោះជនសង្ស័យបានស្ទុះទៅលើកម៉ូតូឡើងបម្រុងជិះចេញតែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រេង បូរី និងវត្ថុតាង កាំភ្លើងជ័រ ជាក់ស្ដែងបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍ផ្សារដើមគរ ចាត់ការតាមផ្លូវច្បាប់តែម្ដង​។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រេង បូរី ហៅ បូរី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់​៕

      

adverise with khmeread