កម្លាំងអាវុធហត្ថឃាត់ស្ត្រីម្នាក់ជាមួយថ្នាំញៀន ចំនួន ២.០០០ គ្រាប់

កោះកុង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ស្ថិតនៅចំណុចខាងកើតផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅវេលាម៉ោង១១ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

​មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀន ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនឈ្មោះ ទួន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលលេខ២២៤ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​មន្ត្រីដដែល បានបន្តថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមាន៖ ១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ដែលមានទម្ងន់ ស្មើ ១០១.២៧ក្រាម, ២. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន ២.០០០គ្រាប់ ដែលមានទម្ងន់ ស្មើ ១៨០ក្រាម និង៣. ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

​ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

adverise with khmeread