ចប់ម៉ោងការងារ បែរជានាំគ្នាផ្តុំជក់គ្រឿងញៀនប៉ូលិសក្របួចបាន៤នាក់

ភ្នំពេញ ៖ ក្រុមកម្មករជាងដែកចំនួន៤នាក់ បន្ទាប់បញ្ចប់ម៉ោងការងារបែរជានាំគ្នាប្រមូលផ្តុំជក់គ្រឿងញៀនត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍កាកាប បង្ក្រាបចាប់ឃាត់ខ្លួន បាន៤នាក់ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ជនសង្ស័យទាំង៤នាក់គឺទី១. ជាបងធំ ផ្តើមគំនិតប្រមូលគ្នាជក់ មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅ ផ្ទះកើតហេតុ ខាងលើ, ទី២. ឈ្មោះ យ៊ា សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប​, ទី៣​. ឈ្មោះ ទ្រី គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិកើតហេតុ និងទី៤​.ឈ្មោះ ឌិន រីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិកើតហេតុ​។

​ប៉ូលិសបន្តថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ សហការល្អ រាយការណ៍ភ្លាមទើបកម្លាំងប៉ូលិសប៉ុស្តិ៍កាកាប ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាល ចុះទៅក្រសោបបានទាំង៤នាក់ជាក់ស្តែង កំពុងប្រព្រឹត្ត ប្រើប្រាស់គ្រឿងញៀនតែម្តង​។

​យោងតាមសម្តីជនសង្ស័យ ឈ្មោះ យ៊ា សំណាង បានឱ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារ ជាងផ្សាដែកភ្លាម មិនទាន់ទាំងហូបបាយផង បាននាំគ្នាទៅផ្ទះ ជនសង្ស័យ គង់ វុទ្ធី បបួលជក់គ្រឿងញៀន ហើយទើបតែដុតបង្ហុយ អស់ថ្នាំមួយកញ្ចប់ ប៉ូលិសមកដល់ល្មម​។

​ជនសង្ស័យក្រោយពីឃាត់ខ្លួនបានរួមជាមួយវត្ថុតាង បន្សល់ទុកថ្នាំញៀន១កញ្ចប់តូច ដបសម្រាប់ជក់ថ្នាំញៀន និងសម្ភារៈមួយចំនួនទៀត នាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅ តាមនីតិវិធី៕

adverise with khmeread