សុំលុយប្រពន្ធយកទៅផឹកស្រា ប្រពន្ធមិនព្រមឱ្យផ្ទុះជាហិង្សាយកបាយក្តៅកំពុងដាំមិនទាន់ជញ្ជាត់ទឹកចាក់លើក្បាលប្រពន្ធបណ្តាលឱ្យរលាកផ្ទៃមុខ

កណ្តាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ សុំលុយប្រពន្ធយកទៅផឹកស្រាប្រពន្ធមិនព្រមឱ្យ ផ្ទុះជាហិង្សាយកបាយក្តៅ កំពុងដាំមិនទាន់ជញ្ជាត់ទឹកចាក់លើក្បាលប្រពន្ធ បណ្តាលឱ្យរលាកផ្ទៃមុខត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កើតឡើងថ្ងៃទី១១ សីហា ២០១៧ វេលាម៉ោង៤ល្ងាចនៅចំណុច ទំនប់៣៨  ក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ  ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ឃាង ឡា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់មុខខាងស្ដាំ (ប្រពន្ធ)។

​ថំណែកជនសង្ស័យឈ្មោះ ខ្លូន ខ្លុង ភេទប្រុស​(ប្ដី) អាយុ៣៤ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ(ឃាត់ខ្លួន)។

​ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ខ្លូន ខ្លុង បានសុំលុយប្រពន្ធ (ជនរងគ្រោះ) ចំនួន ៥,០០០៛ ទៅលេងល្បែងបុកប៊ីយែ រួចហើយផឹកស្រាសស្រវឹងជោកជាំ នោះទីនោះ។ 

​លុះដល់ពេលកើតហេតុខាងលើ ក្រោយពីលេងល្បែងចាញ់ និងផឹកស្រាអស់លុយផងនោះ ជនសង្ស័យក៏បានត្រលប់មកផ្ទះសុំលុយប្រពន្ធថែមទៀត ដោយប្រពន្ធគ្មានលុយឱ្យ ស្រាប់តែជនសង្ស័យបាន លើកឆ្នាំងបាយដែលនៅលើចង្ក្រាន (ទើបជាត់ ទឹក) ទៅចាក់ដាក់លើក្បាលប្រពន្ធ បណ្ដាលឱ្យរងរបួសរលាកពេញផ្ទៃមុខខាងស្ដាំ។       

​ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់ប៉ុស្ដិ៍រដ្ឋបាលលើកដែកឱ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍លើកដែកបានចុះដល់កន្លែងកើតហេតុ រួចនាំខ្លួន  ជនសង្ស័យ ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread