កម្មកររោងចក្រកាត់ដេរ លូ ស៊ី ដាដួលសន្លប់ ២ ថ្ងៃ ៧៤ នាក់

ភ្នំពេញ ៖ កម្មករចំនួន២៦នាក់ទៀតហើយ បន្តដួលសន្លប់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងរោងចក្រ លូ ស៊ី ដា ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានកម្មករដួលសន្លប់កាលពីរសៀលថ្ងៃទី១៥ ខែសីហា ម្សិលមិញចំនួន៤៨នាក់។

សមត្ថកិច្ចបានឱ្យដឹងថា កម្មករ កម្មការិមីរោងចក្រ កាត់ដេរសម្លៀកបំពាក់ លូ ស៊ី ដា កាលពីម្សិលមិញ មានកម្មករដួលសន្លប់ម្តងរួចមកហើយចំនួន៤៨នាក់ ប្រុស២នាក់ ក្នុងចំណោមកម្មករសរុប៦៦០នាក់។

ក្រោយពីផ្ទុះរឿងដួលសន្លប់ ថៅកែរោងចក្រ មិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចនោះទេ ស្ងាត់ៗលួចហៅ រថយន្តគ្លីនិកមកដឹកបញ្ជូនយកទៅសង្រ្គោះអស់ និងសម្រេចឱ្យកម្មករសេសសល់ សម្រាកការងារ។

លុះរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែសីហានេះ ខណៈដែលកម្មករចូលធ្វើការងារ ធម្មតាវិញ ស្រាប់តែវេលាម៉ោងម៉ោង៨ព្រឹក បែរជាមានកម្នករដួលសន្លប់សាជាថ្មីទៀតសរុបចំនួន២៦នាក់ ហើយខាងក្រុមហ៊ុន លួចហៅរថយន្តមកដឹកបញ្ជូនទៅគ្លីនិកអស់ ហើយឱ្យកម្មករឈប់សម្រាក ទើបផ្អើលសមត្ថកិច្ចចុះទៅ បានត្រឹមមើលសំបករោងចក្រ។

កម្មករបានឱ្យដឹងថា រោងចក្រខាងលើ ២ថ្ងៃមកហើយ កម្មករនៅមានដួលសន្លប់ ពុំដឹងហេតុផលណាមួយច្បាស់លាស់ ខ្លះថាមកពីសុខភាពកម្មករខ្សោយ ទើបប្រឈមនឹងដល់សន្លប់ រួមផ្សំជាមួយអាកាសធាតុប្រែប្រួល ក្នុងរោងចក្រ កង្វះអុកស៊ីសែន ហើយអ្នកខ្លះថា ក្នុងរោងចក្រខ្មោចចូល ទីជាបែបជំនឿសាសនាទៅវិញ។

ទោះជាយ៉ាងណាក្តី គ្រូពេទ្យបានប្រាប់ហើយថា ជនរងគ្រោះ បើពិនិត្យទៅ អុកស៊ីសែនក្នុងឈាមចុះខ្សោយ ទើបប្រឈមនឹងដួលសន្លប់។

រឿងកម្មករដួលសន្លប់ចំនួន២ថ្ងៃ មិនឃើញស្ថានប័នជំនាញខាងណាចុះមកពិនិត្យ សួរនាំឡើយ សូម្បីតែហេតុផលឱ្យច្បាស់លាស់ ក៏មិនដឹងដែរ មានតែមន្រ្តីប៉ូលិស មូលដ្ឋានចុះទៅបានត្រឹមរាប់តែចំនួនជនរងគ្រោះប៉ុណ្ណោះ៕

adverise with khmeread