Neymar ជួលអ្នកប្រដាល់គុណចម្រុះ UFC មកធ្វើជាអង្គរក្ស

Neymar ត្រូវបានគេរាយការណ៍ថា បានជួលអ្នកប្រដាល់គុណចម្រុះ UFC លោក Nordine Taleb ធ្វើជាអង្គរក្សផ្ទាល់ខ្លួនរបស់គាត់។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលតម្លៃខ្លួនកំណត់ត្រាពិភពលោក ១៩៩លានផោនដែលបានចូលរួមជាមួយនឹង PSG កាលពីដើមខែនេះរូបនេះ ហាក់មានជីវិតចាប់ផ្តើមថ្មីដ៏ស្រស់បំព្រងនៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីគាត់អាចស្វែងរកបាននូវគ្រាប់បាល់មួយគ្រាប់ក្នុងការបង្ហាខ្លួនជាលើកដំបូង និងផ្តល់ជូននូវគ្រាប់បាល់បញ្ជូនមួយគ្រាប់ដទៃទៀតដល់មិត្តរួមក្រុមខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្រឡេកទៅមើលជីវិតក្រៅទីលានវិញ គាត់បានព្យាយាមលាក់អត្តសញ្ញាណរបស់ខ្លួនជាខ្លាំង ហើយអង្គរក្សផ្ទាល់របស់គាត់បានជួយយ៉ាងច្រើនលើរឿងនេះ។

យោងតាមសេចក្តីរាយការណ៍របស់វេបសាយ The Sun បានឱ្យដឹងថា អ្នកប្រដាល់គុណចម្រុះទម្ងន់ស្រាល Taleb ជាអង្គរក្សម្នាក់ក្នុងចំណោមអង្គរក្សដទៃទៀត ដែលបានចូលរួមធ្វើជាបរិវាររបស់ Neymar បន្ទាប់ពីគាត់បានសម្រេចនូវការផ្ទេរដ៏មានសក្តានុពលរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

អ្នកប្រដាល់សញ្ជាតិបារាំងដែលមានកម្ពស់ ១,៨៥ម៉ែត្ររូបនេះ ក៏មានស្ថិតិប្រកួតដ៏ល្អមួយផងដែរ ដោយគាត់អាចយកឈ្នះការប្រកួតចំនួន ១៣លើកពីការប្រកួតចំនួន ១៧លើករបស់ខ្លួន និងផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ៦លើក៕


 

adverise with khmeread