ជម្លោះដណ្តើមម៉ូយអ្នករត់ម៉ូតូឌុប២នាក់ វ៉ៃប្រ៉ាវ ផ្អើលឈុល

ភ្នំពេញ ៖ អ្នករត់ម៉ូតូឌុប២នាក់ ដោយសារម៉ូយស្រីម្នាក់ ឈ្លោះដណ្តើមគ្នាឌុប ចែកមិនដាច់ កើតជម្លោះសាកល្បងកម្លាំងបើកឆាកប្រកួតក្រៅសង្វៀនបែកក្បាលម្នាក់ផ្អើលអ្នកដំណើរតាមផ្លូវទាំងព្រឹក លទ្ធផលចូលប៉ុស្តិ៍ប៉ូលិសទាំង២នាក់ កាលពីវេលា ម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ភាគីរងគ្រោះ ឈ្មោះ គិន ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតភូមិខ្សាច់កណ្ដាល ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រងរបួសបែកក្បាល។

ចំណែកភាគីម្ខាងទៀត សង្ស័យកាងតំបន់រត់ឌុបឈ្មោះ សៅ ឈឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចំរេះ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពបានឱ្យដឹងថា ដំបូងនៅចំណុចមុខព្រលានមាននារីវ័យក្មេងម្នាក់ ចុះពីលើរថយន្តតាកស៊ី ដែលទើបធ្វើដំណើរមកពីខាងលិចរថយន្តឈប់ចតចំណុចខាងលើ។ ស្របពេលដែលស្រីក្មេងចុះពីលើរថយន្តតាក់ស៊ី បុរសជាជនរងគ្រោះ បានជិះម៉ូតូពីលិច មកកើត ដល់ល្មម ហៅសួរនាំនារីខាងលើ បម្រុងឌុប កាត់មុខមាត់បុរសបង្ក ដែលមានក្រុមគ្នីគ្នា ឈប់ចតរង់ចាំឌុបនៅទីនោះស្រាប់។

បន្ទាប់មកក៏កើតជាទំនាស់សម្តី ធ្វើឱ្យជនរងគ្រោះកើតចិត្តឆេវ ទាញបានសោ ខ្សែសម្រាប់ចាក់ម៉ូតូ ព្យាយាមដេញវាយ ទៅលើអ្នករត់ម៉ូតូឌុបប្រចាំម្ចាស់ទឹកដី រហូតទ្រាំលែងបាន ស្រវាទាញបាន កូនឈើមួយកំណាត់វាយតបត សំពងបែកក្បាល ផ្អើលអ្នកជិតខាង ពោលគឺអ្នកទាំង២នាក់ចិត្តមួយបាវដូចគ្នា លទ្ធផល ម្នាក់បែកក្បាល ត្រូវបានសមត្ថកិច្ចចុះទៅឃាត់នាំទាំង២ចូលប៉ុស្តិ៍។

អ្នកទាំង២នាក់ ខ្លាំងបានតែនៅក្រៅប៉ុស្តិ៍ ចូលមកដល់មុខប៉ូលិស អង្គុយយំដូចកូនក្មេងត្រូវរ៉ូវគ្នាវិញ ដោយភាគីខាងអត់របួស ជួយចេញថ្លៃថ្នាំពេទ្យ២០ម៉ឺនរៀល ទៅឱ្យខាងជនបែកក្បាល ដើម្បីបញ្ចប់រឿង សុំប៉ូលិសវិលទៅវិញ ព្រោះម្នាក់ៗខ្លាចគុក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab