ជនជាតិចិនបើកឡិចស៊ីសរេចង្កូតបុកម៉ូតូកង់បីប៉ើងធ្លាក់ចូលប្រឡាយ ៣ នាក់

ភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿងបើកបរដោយជនជាតិចិន រេចង្កូតជ្រុលទៅបំណែកផ្លូវម្ខាងបុកម៉ូតូកង់បីដឹកឥវ៉ាន់គ្រឿងម៉ូតូ ប៉ើងរុញហោះធ្លាក់ចូលក្នុង ប្រឡាយ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ រថយន្តរងការខូចខាតបែកធុងទឹកខ្ទេច។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ខាងត្បូងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ប្រភពបានឱ្យដឹងថា រថយន្តឡិចស៊ីស ម៉ាក RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-6709 បើកបរដោយជនជាតិចិន​។ ចំណែកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-3504 របស់ក្រុមហ៊ុន គ្រឿងបន្លាស់ម៉ូតូ TD ដឹកឥវ៉ាន់ គ្រឿងបន្លាស់ម៉ូតូ ជិះគ្នា៣នាក់​។

ប្រភពបន្តថា ដំបូងរថយន្ត បើកពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចខាងលើរេចង្កូតចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូកង់បី បើកពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឱ្យប៉ើងធ្លាក់ចូលប្រឡាយ របួស៣នាក់ អ្នកបើកបររងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល រថយន្តខូចខ្ទេចផ្នែកខាងមុខ។

តាមសម្តីយុវជនម្នាក់របួសស្រាល រួមដំណើរតាមរ៉ឺម៉ក បានឱ្យដឹងថា មុនកើតហេតុ ខ្លួនមានគ្នា៣នាក់ ជិះម៉ូតូកង់បីដឹកឥវ៉ាន់ គ្រឿងបន្លាស់ម៉ូតូ ដើរដាក់តាមម៉ូយ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្តបង្ក រេចង្កូតមកបំណែកផ្លូវរបស់ខ្លួន ខំប្រឹងគេចអស់លទ្ធភាព នៅតែរថយន្តបង្ក តាមមកបុក បណ្តាលឱ្យប៉ើងធ្លាក់ចូលប្រឡាយ ធ្វើឱ្យអ្នកបើកបរម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ ត្រូវបានអ្នករួមការងារ ដឹកតាមម៉ូតូកង់បីទៅព្យាបាលរបួស។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូកង់បីត្រូវបានប៉ូលិសជំនាញចុះទៅវាស់វែង តែភាគី សងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក ដឹងកំហុសរបស់ខ្លួនបើក រំលោភចូលផ្លូវអទិភាពម្ខាង ទើបសុខចិត្តចេញថ្លៃព្យាបាលរបួស និងថ្លៃខូចខាតម៉ូតូ ដើម្បីបញ្ចប់រឿង ហើយសុខចិត្តអូសយករថយន្តរបស់ខ្លួនយកទៅជួសជុល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab