លោក Antonio Conte ត្រូវការពេលវេលាបួនឆ្នាំបន្ថែមទៀត ដើម្បីកសាងក្រុម

          គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានធ្វើការ​អះអាង ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ថា លោកត្រូវ​ការ​ពេល​វេលា​បួន​ឆ្នាំ​ទៀតដើម្បី​កសាង​ក្រុម Chelsea ឲ្យរឹងមាំ​ឡើង​វិញ។

          គ្រូបង្វឹក​សញ្ជាតិអ៊ីតាលី​រូប​នេះបាន​លើក​ពាន​ EPL ​នៅរដូវកាលដំបូង​របស់​លោកជាមួយ Chelsea ប៉ុន្តែគេ​ជឿថា ជ័យជម្នះនេះត្រូវ​បាន​កសាង​តាម​រយៈ​មូលដ្ឋានគ្រឹះ​ដ៏រង្គោះរង្គើ​​។

          បន្ទាប់ពី​ជួបរឿងមិនល្អនៅ​ពហុកីឡាដ្ឋាន​ Stamford Bridge កាល​ពី​រដូវ​ក្តៅ​ លោក​​ Conte បាន​អះអាងថា លោកត្រូវ​ការ​ពេល​វេលា​បន្ថែមទៀតដើម្បីធ្វើ​ឲ្យ​ប្រាកដថា ក្រុម Chelsea ​អាចប្រជែងជាមួយ​ក្រុម​ខ្លាំង​ផ្សេងទៀត។

លោក Conte បាននិយាយថា “​យើងត្រូវការ​ពេលវេលា​ បួនឆ្នាំ។ ការ​ព្យា​យាម​ប្រជែងនៅក្របខណ្ឌ PL និង​ដើម្បីធ្វើ​ក្លាយជា​ក្រុម​ខ្លាំង​​ក្នុងពិភព​លោក​ អ្នកត្រូវការ​ពេលវេលា”។

          លោក Conte នឹងដឹកនាំក្រុម​របស់​លោកទៅកាន់ពហុកីឡាដ្ឋាន Wembley នៅថ្ងៃអាទិត្យ​នេះ ដើម្បីប្រឈម​មុខនឹងក្រុម Tottenham ហើយ​មក​ទល់ពេល នេះ មានក្រុមហ៊ុនភ្នាល់ជាច្រើនចាក់ភ្នាល់ថា លោក Conte គឺជា​គ្រូបង្វឹក​កំពូល​ដំបូង​ដែលត្រូវ​ចាកចេញពី​ការ​ងារ​ ហើយ​មាន​សំណួរ​ជា​ច្រើន​លើ​ក​ឡើងថា ហេតុអ្វីបានជាគ្រូបង្វឹក​រូបនេះ​បណ្តោយ​ឲ្យ​កីឡាករ​ជា​ច្រើនចាកចេញពី​ក្លឹបនេះ។

          ការកសាងក្រុម​​ Chelsea ​ឡើង​វិញ​បាន​ប្រែជា​ស្រអាប់​ដោយសារតែ​លោក Conte មាន​ជម្លោះ​ជាមួយ​ខ្សែប្រយុទ្ធ​ Diego Costa ដែល​បាន​អូសបន្លាយ​អស់​រយៈ​ពេល​ច្រើនខែ៕

adverise with khmeread