Neymar អាចយកឈ្នះ Messi និង Ronaldo ដើម្បីក្លាយជាកីឡាករឆ្នើមក្នុងពិភពលោក

          ខ្សែប្រយុទ្ធ Neymar ទទួលបាន​ការគាំទ្រដើម្បី​យកឈ្នះកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo និង​ក្លាយ​ជា​កីឡាករ​ឆ្នើម​បំផុតក្នុងពិភព​លោក បន្ទាប់ពី​ការបង្ហាញមុខ​ដ៏អស្ចារ្យ​លើក​ដំបូង​ជាមួយ​ក្លឹប Paris Saint-Germain ។

          កីឡាករដែល​មានតម្លៃខ្លួន​១៩៩លានផោនរូប​នេះ​រកបាន​ពីរ​គ្រាប់​ រួម​ទាំង​ការ​​ប្រឹងប្រែង​ម្នាក់ឯងក្នុងការ​រកបានគ្រាប់បាល់ក្នុងជ័យជម្នះ​៦-២ លើ​ក្រុម Toulouse នៅ​ពហុកីឡាដ្ឋាន Parc des Princes ។

          គ្រាប់បាល់ទី​២​របស់​ Neymar បង្ហាញឲ្យឃើញថា កីឡាករ​រូបនេះ​ខំប្រឹង បណ្តើរ​បាល់ពីគូប្រកួតហើយ​រមួល​ខ្លួន​ចូល​តំបន់មុខទីដូចជាអតីតកីឡាករ ​ Diego Maradona នៅមុន​ពេល​ទាត់បាល់បញ្ចូល​ទី។

          អតីត​ខ្សែប្រយុទ្ធសញ្ជាតិ​បារាំង​ Yannick Stopyra ដែល​ធ្លាប់លេងនៅ​វើលខាប់ឆ្នាំ១៩៨៦​នោះ​បាននិយាយថា “​ខ្ញុំធ្លាប់ប្រជែងជាមួយកីឡាករ​ឆ្នើមៗ ដូចជា​ Maradona ប៉ុន្តែ​ខ្ញុំមិនដែល​ឃើញ​របៀបលេងដូចនេះទេ”។

          Sopyra បាន​អះអាងថា Neymar មានជំនាញជាង Messi និង​មិនសូវ​ក្រអឺតក្រទម​ដូចជា​ Ronaldo ទេ។ នៅពេល​សួរនាំថា តើ​ Neymar អាចយក​ឈ្នះ​កីឡាករ​ឆ្នើម​ទាំងពីរ​នេះបានទេលោក Sopyra អះអាងថា “​បាទ! នៅ PSG គ្មាន​នរណាអាចយកឈ្នះគាត់ទេ ប៉ុន្តែ​ស្របពេលជាមួយគ្នានោះដែរ មានកីឡាករ​ល្អៗ​នៅជុំវិញគាត់”។

            លោក​ Sopyra បន្តថា “​គាត់មានអ្វីៗទាំងអស់ដើម្បីក្លាយ​ជា​កីឡាករ​ឆ្នើម​បំផុតក្នុង​ពិភ​ព​លោក។ អ្វីៗអាស្រ័យលើ​ការប្រកួត​នៅក្របខណ្ដ CL ប៉ុន្តែ​ថា តើ​Neymar អាចលើក​ពាន​ឬយ៉ាងណានោះ គាត់ត្រូវតែក្លាយជា​កីឡាករ​លេខ​១”៕

adverise with khmeread