adverise with khmeread 1

កម្មករ​រោងចក្រ​កៅ​ថេ​ក​ហ្កា​មេន​នាំគ្នា​ដាក់​ញ្ញត្តិ​ទៅ​ក្រសួង​ការងារ​,​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​និង​សភា​ទាមទារ​លក្ខខណ្ឌ​១០​ចំណុច​

     ភ្នំពេញ ៖​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​កៅ​ថេ​ក​ហ្កា​មេន​ខូ​អិ​ល​ធី​ឌី​បាននាំគ្នា​ធ្វើដំណើរ​ពី​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​មក​ដាក់​ញ្ញត្តិ​នៅ​៣​ស្ថាប័ន​គឺ​ក្រសួង​ការងារ​,​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​និង​ស្ថាប័ន រដ្ឋសភា​កាលពី​ព្រឹក​ម្សិល​ម៊ិ​ញ​រហូត​ដល់ពេល​រសៀល ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​១០ ចំណុច ជាពិសេស​សុំ​ឲ្យ​តំណាង​សហជីព​របស់​ពួកគេ​៨​នាក់​បាន​ចូល​បម្រើ​ការងារ​វិញ បន្ទាប់ពី​លោក​ថៅកែ​ជនជាតិ​ចិន​បញ្ឈប់​ដោយ​ការរើសអើង​សហជីព ។​

   លោ​កលិន ដឿ​ន តំណាង​សហជីព​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១១​កុម្ភ​:នេះ តំណាង​កម្មករ កម្មការិនី​រោងចក្រ​ប្រមាណ​១០០​នាក់​តំណាង​ឲ្យ​កម្មករ​៤១០ នាក់​បាននាំគ្នា​ចេញពី​រោងចក្រ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​-​ឃុំ​ឆក់​ឈើ នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញ្ញត្តិ​នៅ​ក្រសួង ការងារ​,​ខុទ្ទកាល័យ​លោក​ហ៊ុន សែន និង ស្ថាប័នរដ្ឋ​សភាជាតិ ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​១០​ចំណុច​និង​សុំ​ឲ្យ​តំណាង​សហជីព​៨​រូប​បាន​ចូលធ្វើការ​វិញ ។​

    នៅក្នុង​ញ្ញត្តិ​ទាមទារ​របស់​កម្មករ​បាន​បញ្ជាក់ថា "​សម្ព័ន្ធ​សហជីព​កម្ពុជា​-​អាស៊ាន បានទទួល​លិខិត​ពឹងពាក់​របស់​បងប្អូន​ក​ម្មករ​ចុះ​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦​ម្តង​ហើយ​,​ហើយ​សហជីព​បានដាក់​លិខិត​ចូលទៅ​សុំ​ចរចា​ជាមួយ​ក្រុមហ៊ុន តែ​ក្រុមហ៊ុន​មិន​ទទួល ហើយ​បាន​បន្តទៅ​មន្ទីរ​ការងារ​ខេត្តកណ្តាល​បន្តទៀត ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ត្រឡប់មកវិញ​ទេ​" ។​

    ញ្ញត្តិ​ទាមទារ​បន្តថា ស្រាប់តែ​នៅ​ថ្ងៃទី​៨​កុម្ភ​:​ឆ្នាំ​២០១៦​ក្រុមហ៊ុន​បាន​បញ្ឈប់​សហជីព​មូលដ្ឋាន​ម្នាក់​និង​សកម្មជន​ម្នាក់ ធ្វើ​ឲ្យ​កម្មករ​កើតទុក្ខ​មិន​សុខចិត្ត​ក៏​ផ្ទុះ​កូដកម្ម​នៅ​ថ្ងៃទី​១០​កុម្ភ​:​ឆ្នាំ​២០១៦ ហើយ​ថៅកែ​រោងចក្រ​បាន​បញ្ឈប់​កម្មក​រ​ថែម​៦​នាក់​ទៀត ទើប​ស​ម្ព័​ន​សហជីព​កម្ពុជា​-​អាស៊ាន​ស្នើសុំ​ស្ថាប័ន​ទាំង​៣​ខាងលើ​ជួយ​ធ្វើ​អន្តរាគមន៍ ។ ញ្ញត្តិ​របស់​កម្មករ​ត្រូវបាន​មន្ត្រី​ទទួលបន្ទុក​ទាំង​៣​ស្ថាប័ន​ទទួល​រួចហើយ​។​

    លោ​កលិន ដឿ​ន​បាន​បន្តថា លក្ខខណ្ឌ​១០​ចំណុច​ដែល​កម្មករ​ទាមទារ​រួមមាន​៖១-​សុំ​ក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​និង​សកម្មជន​៨​នាក់​ចូលធ្វើការ​វិញ​២-​ស្នើ​ក្រុមហ៊ុន​ទទួលស្គាល់​សហជីព​កម្ពុ​ជា​-​អាស៊ាន​នៅក្នុង​រោងចក្រ​កៅ​ថេ​ក​ហ្កា​មេន​៣-​ពេល​កម្មករ​ទៅ​បន្ទប់ទឹក​គឺ​មិនបាច់​ប្រើ​កាត​ទេ​៤-​ស្នើ​ផ្តល់​លុយ​ទឹកដោះគោ​២០​ដុល្លារ​ក្នុង​១​ខែ​ដល់​ស្ត្រី​សម្រាលកូន​រួច​រហូត​អាយុ​៣​ឆ្នាំ​៥-​ផ្តល់​លុយ​បាយ​ថ្ងៃត្រង់​៣០០០​រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​កម្មករ​ម្នាក់​រាល់ថ្ងៃ​,៦-​រៀបចំ​ឲ្យ​មាន​កន្លែង​ហូបបាយ​និង​តុ​កៅអី​គ្រប់គ្រាន់​៧-​កំណត់​លុយ​រង្វាន់​ចាប់ពី​២០០០​រៀល​ឡើងទៅ​៨-​ផ្តល់​លុយ​បាយ​ថែម​ម៉ោង​ពី​ម៉ោង​៤​ដល់​៦​ល្ងាច​ចំនួន​២០០០​រៀល​លើ​ប្រាក់​មាន​ស្រាប់​៩-​ផ្តល់​លុយ​ដល់​កម្មករ​ចេះ​មួយ​ម៉ាស៊ីន​៥​ដុល្លារ​,២​ម៉ាស៊ីន​១០​ដុល្លារ​,៣​ម៉ាស៊ីន​ពី​១៥​ដុល្លារ​ឡើង​និង​១០-​រក្សា​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​នៅ​ដដែល​ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​។​

    ជុំវិញ​ការទាមទារ​របស់​កម្ម​ករ​ខាងលើនេះ ខ្មែរ​រីដ​មិនអាច​ទំនាក់ទំនង​លោក​ថៅកែ​ជនជាតិ​ចិន​សុំ​ការបំភ្លឺ​បានឡើយ​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕​

adverise with khmeread

មតិយោបល់