កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តជាលើកដំបូងដើម្បីផ្តល់ជូនការការពារដល់ លោកស្រីអ៊ុងសាន ស៊ូជី បន្ទាប់ពីមានការគំរាមសម្លាប់។
មេប៉ូលិសបានប្រាប់វេបសាយ BBC Burmese ថា អង្គភាពពិសេសមួយឥឡូវត្រូវបានចាត់តាំងឱ្យការពារមេដឹកនាំបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលទើបតែឡើងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ាហើយ។
ការគំរាមកំហែងនេះត្រូវបានចេញផ្សាយជុំវិញការដែលអាចធ្វើការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលជំរុញឱ្យលោកស្រីស៊ូជីក្លាយជាប្រធានាធិបតី។
លោកស្រីបានចំណាយពេលរាប់ឆ្នាំស្ថិតក្រោមការឃុំខ្លួននៅផ្ទះក្រោមអតីតរបបផ្តាច់ការយោធា។ ដំណើរការសេរីភាវូបនីយកម្មបានស្ថិតក្នុងដំណើរការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាំទៅដល់ជ័យជម្នះភ្លូកទឹកភ្លូកដីពីសំណាកគណបក្ស NLD របស់លោកស្រីស៊ូជីក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
បុរសដែលគំរាមសម្លាប់លោកស្រីស៊ូជីតាំងពីនោះមកបានធ្វើការសុំទោសហើយ ប៉ុន្តែការគំរាមកំហែង ដែលធ្វើឡើងតាមផូសរបស់ហ្វេសប៊ុកនេះ ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរខ្លាំងណាស់។
មេប៉ូលិសបានប្រាប់ BBC ថា "ខ្ញុំបានប្រាប់ទៅការិយាល័យប៉ូលិសក្នុងមូលដ្ឋានភ្លាមឱ្យថែរក្សាសន្តិសុខជូនលោកស្រី នៅពេលខ្ញុំបានឃើញផូសនោះ។ យើងមិនអាចឱ្យមានរឿងអ្វីកើតឡើងនោះឡើយចំពោះមនុស្សដែលមានឋានៈដូចរូបគាត់"៕
