ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ឡានជិះបុកម៉ូតូ

ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវីតបុរសម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់កាលពីវេលា ម៉ោង១ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនះ សំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនេជ័យ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឡូ គឹមឡេង​ ភេទប្រុស អាយុ២៤​ឆ្នាំ មុខរបរព្រូឡាន​ ស្នាក់នៅសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ 

​តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមសង់​ ស៊េរីឆ្នាំ០១៦​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1W 7521​ បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរស២នាក់ទៀតធ្វើណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទកូរ៉េ​ មិនចាំស្លាកលេខធ្វើដំណើរតាមស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន ក៏មកបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលទៅនឹងថ្នល់ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់​ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់តែម្តង។ 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread