Lionel Messi នឹងមិនទាន់ចុះកិច្ចសន្យាជាមួយ Barcelona ទេ លុះត្រាតែបានឃើញពីសកម្មភាពរបស់ក្លឹបក្នុងទីផ្សារទិញដូរកីឡាករសិន

          តាមសេចក្តីរាយការណ៍​របស់​កាសែត Marca ដែល​អះអាងថា​ ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ​នឹង​មិនចុះកិច្ច​សន្យា​ថ្មីជាមួយ​ Barcelona ​ទេលុះត្រាតែ​កីឡា​ករ​​រូបនេះ​បានឃើញ​ពីសកម្មភាព​របស់ក្លឹបនៅប៉ុន្មានថ្ងៃចុងក្រោយនៃរដូវ​កាល​ទិញដូរ​កីឡាករ​សិន។

          វាគឺជារដូវកាល​ទិញដូរដ៏ខកចិត្តមួយ​សម្រាប់​ក្លឹបយក្សអេស្ប៉ា​ញ Barcelona​ ដែល​បានអនុញ្ញាតឲ្យកីឡាករ Neymar ផ្ទេរចេញ​ក្នុងតម្លៃខ្ពស់​បំផុត​មិនធ្លាប់មាន​ទៅ​កាន់​ក្លឹប Paris Saint-Germain ហើយ​រហូត​មកទល់ពេល​នេះ​Barcelona បរាជ័យ​ក្នុងការ​តាម​ប្រមាញ់​ខ្សែបម្រើ Philippe Coutinho ទៀត​។

          Barcelona សង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរ​មុនរដូវកាល​ទិញ​ដូរ​បិទទ្វារ​ បន្ទាប់ពី​ Barcelona ​ប្រកួត​ចាញ់​ក្រុម​​ Real Madrid ក្នុងក្របខណ្ឌ Spanish Super Cup យ៉ាងចាស់ដៃ។

          ស្របពេលជាមួយគ្នានោះដែរ Messi មិនសប្បាយចិត្ត​នឹងស្ថានភាពនេះ ប៉ុន្តែគេជឿថា កីឡាករ​អា​ហ្សង់ទីន​រូបនេះមិនទំនងជារកច្រកចេញពី​ពហុកីឡា ដ្ឋាន Nou Camp ទេហើយនៅមានអារម្មណ៍​សប្បាយចិត្ត​ជាមួយ​នឹងក្លឹបនេះនៅ​ឡើយ។

          ការបន្តកិច្ចសន្យា​នឹងត្រូវធ្វើនៅខែកញ្ញា​នៅពេល​ Messi វិលត្រឡប់​ពីការ​បំពេញភារកិច្ចអន្តរជាតិ​ជាមួយក្រុមជម្រើស​ជាតិអាហ្សង់ទីន​ ស្របពេលដែល​កិច្ចព្រមព្រៀងចាស់​របស់ Messi នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ​ក្រោយ៕

adverise with khmeread