មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្ររកឃើញថា នៅភពណិបទូនមានភ្លៀងគ្រាប់ពេជ្រ

ប្រសិនបើអ្នកគិតថាអាកាសធាតុពិតជាអាក្រក់នៅលើភពផែនដីរបស់យើង សាកគិតពីភពណិបតូ និងអ៊ុយរ៉ានុស ជាកន្លែងដែលសម្ពាធដ៏ខ្លាំងនិងសីតុណ្ហភាពដ៏ក្ដៅបំផុត ត្រូវគេគិតថាបង្កឱ្យមានភ្លៀងគ្រាប់ពេជ្រ។ ឥឡូវក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតបាតុភូតនេះប្រឌិតនៅលើផែនដីវិញម្តង ថាតើវានឹងទៅជាយ៉ាងណា។

ដោយប្រើប្រាស់ឡាស៊ែរអុបទិកដ៏មានថាមពលខ្លាំងក្លាដើម្បីកម្ដៅធាតុគីមីឈ្មោះ Polystyrene ឱ្យបានរហ័ស ក្រុមអ្នកស្រាវជ្រាវអាចផលិតនិងបន្ទាប់មកសិក្សាអំពីភ្លៀងពេជ្រនេះនៅក្នុងមន្ទីរពិសោធន៍ ដែលជាលទ្ធផលអាចជួយយើងស្វែងយល់បានច្រើនអំពីលក្ខខណ្ឌនៅលើភពដទៃដូចណិបតូ និងអ៊ុយរ៉ានុស។

យោងតាមក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានពាសពេញសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានឱ្យដឹងថា វាក៏សំខាន់ដែរក្នុងការគាំទ្រដល់ការទស្សន៍ទាយអំពីដំណើរនៃប្រភេទគីមីដែលកំពុងកើតឡើងនៅក្នុងភពធំៗនៃប្រព័ន្ធព្រះអាទិត្យរបស់យើង នៅខាងក្រៅ។

អ្នកស្រាវជ្រាវឈានមុខម្នាក់ឈ្មោះ Dominik Kraus មកពីមន្ទីរពិសោធន៍ Helmholtz Zentrum Dresden-Rossendorf ក្នុងប្រទេសអាល្លឺម៉ង់ ថ្លែងថា "ពីមុន ក្រុមអ្នកស្រាវជ្រាវអាចត្រឹមសន្មត់ថា ពេជ្របានកកើតឡើង (ក្នុងស្ថានភាពបរិយាកាសដូចនៅភពណិបទូន)។ នៅពេលខ្ញុំឃើញលទ្ធផលពីការពិសោធន៍នាពេលថ្មីៗនេះ វាគឺជាពេលវេលាដ៏ពិសេសបំផុតមួយនៃអាជីពវិទ្យាសាស្ត្ររបស់ខ្ញុំ"។

នៅលើភពណិបតូ និងអ៊ុយរ៉ានុស ក្រុមអ្នកវិទ្យាសាស្ត្រគិតថា សម្ពាធដ៏ខ្លាំងជំរុញអ៊ីដ្រូសែននិងកាបូនដែលរកឃើញនៅលើភពទាំងនេះ ក្លាយទៅជាគ្រាប់ពេជ្រ ដែលទាំងនេះកើតឡើងប្រហែលក្រោមផ្ទៃមេឃប្រមាណ ៨.០៥០ គីឡូម៉ែត្រ។

មិនមានសារធាតុ Polystyrene នៅលើភពទាំងនេះទេ ប៉ុន្តែវាជាគីមីស្រដៀងនេះគឺកកើតពីមេតាន ដែលគេរកឃើញយ៉ាងច្រើននៅក្នុងភពណិបទូន និងអ៊ុយរ៉ានុស៕ ប្រភព៖វិទ្យាសាស្រ្ត

adverise with khmeread