adverise with khmeread Image

គំនូរ​ស្រី​ស្រាត​ពោះ​ផើម​មួយ​ផ្ទាំង​លក់បាន​ដល់​ទៅ​ជាង ២៣ លាន​ដុល្លារ​

​    ​សង្គ្រាម​ដេញថ្លៃ​ដ៏​សាហាវ​មួយ​បានធ្វើឱ្យ​រូបគំនូរ​ស្រាត​របស់​នារី​វ័យ​ជំទង់​មាន​ទម្ងន់​មួយរូប​គូរ​ដោយ​លោក លូ​សៀន ហ្វ្រូ​ត (Lucian Freud) លក់បាន​ថ្លៃ​លើសពី​ការរំពឹងទុក​ដល់​ទៅ ២ ដង​នៅឯ​ការលក់​ដេញថ្លៃ​មួយ ដែល​ឃើញ​វា​ឡើងថ្លៃ​រហូតដល់​ទៅ ១៦ លាន​ផោន ឬ​ប្រហាក់ប្រហែល​នឹង ២៣,២៣ លាន​ដុល្លារ​។ 

​    ​ផ្ទាំងគំនូរ​នារី​មាន​ផ្ទៃពោះ ដែល​គេ​ចាត់ទុកថា​ជា​រូបគំនូរ​ដ៏​ល្បី​បំផុត និង​សំខាន់បំផុត​របស់លោក​ហ្វ្រូ​ត (​ព្រោះ​ជា​ស្រី​ស្នេហ៍​របស់គាត់​) បានបង្ហាញ​នាង បឺ​ណា​ឌី​ន ខូ​វើ​លី (Bernadine Coverley) ពរ​ពោះ​កូន​លើកដំបូង​របស់​នា​ងខ​ណៈ​ដែល​នាង​កំពុង​ដេកលក់​។​

​    ​រូបគំនូរ​ដែល​គូរ​រួច​ក្នុង​ឆ្នាំ ១៩៦១ នេះ​កាល​នោះបាន​ឆ្លុះបញ្ចាំង​ពី​ការចាកចេញ​ថ្មីថ្មោង​ពី​ស្ទីល​គូរគំនូរ​បែប​អ្នក​ប្រាកដនិយម (Realist Style) នា​ទសវត្សរ៍ ១៩៥០ របស់​វិចិត្រករ​រូបនេះ ហើយ​ត្រូវ​បានដាក់​បង្ហាញ​នៅ​រាល់​ការតាំង​ពិ​ព័រ​ណ៌​សំខាន់ៗ​របស់លោក​ទាំងអស់​។ 

​    ​ទាំង​លោក ហ្វ្រូ​ត និង លោកស្រី​ខូ​វើ​លី មិនដែល​បាន​រៀបការ​ជាមួយគ្នា ឬ ក៏​រស់នៅ​ជាមួយគ្នា​នោះឡើយ ប៉ុន្តែ​អ្នក​ទាំងពីរ​មានកូន​ស្រី​ពីរ​នាក់ និង​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជា​អមតៈ​។ 

​    ​ក្នុង​រូបគំនូរ​ក្មេងស្រី​ជំទង់​ពោះ​ផើម នារី​ដែល​ត្រៀមខ្លួន​ជា​ម្តាយ​អាយុ ១៧ ឆ្នាំ​រូបនោះ​បាន​កំពុង​ពរ​ពោះ​កូនស្រី​ដំបូង​របស់ខ្លួន ឈ្មោះ បេឡា (Bella) ដែល​សព្វថ្ងៃ​គឺជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ដែលមាន​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។ 

​    ​រូបគំនូរ​នេះ​ត្រូវបាន​ដាក់លក់​ទៅ​សាធារណជន​ជា​លើកដំបូង​កាលពី​ល្ងាច​ថ្ងៃ​ពុធ (១០ កុម្ភៈ​) កន្លងទៅ​នៅ​ក្រុមហ៊ុន Sotheby's Contemporary Art Auction ក្នុង​ទីក្រុង​ឡុង​ដ៍ របស់​អង់គ្លេស​។ 

​    ​វា​មានតម្លៃ​ប៉ាន់ស្មាន​ប្រហែល ៧ ទៅ ១០ លាន​ផោន​ប៉ុណ្ណោះ ហើយ​បន្ទាប់ពី​សង្គ្រាម​ដេញថ្លៃ​ដ៏​តានតឹង ដែល​ចំណាយពេល​ជិត ១០ នាទី​រវាង​ភាគី​ចំនួន ៦ នាក់ អ្នក​កាត់សេចក្តី​លក់​ដេញថ្លៃ​លោក អូ​លី​វើ បាក​ឃឺ (Oliver Barker) ក៏បាន​ដំ​ញញួរ​សម្រេចយក​ត្រឹម​តម្លៃ ១៤,២ លាន​ផោន (២០,៥៥ លាន​ដុល្លារ​)​។ 

​     ជាមួយនឹង​ការធានារ៉ាប់រង និង​ការបង់ពន្ធ តម្លៃ​ចុងក្រោយ​ដែល​ត្រូវ​បង់​ដោយ​អ្នកដេញថ្លៃ​អនាមិក​រូបនោះ​គឺមាន​ចំនួន​សរុប ១៦.០៥៣.០០០ ផោន (២៣,២៣ លាន​ដុល្លារ​) ជា​តម្លៃ​ខ្ពស់បំផុត​ទី​បួន​ដែល​គេ​ចំណាយ​មកលើ​រូបគំនូរ​របស់លោក​ហ្វ្រូ​ត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់