តារាចម្រៀងកូរ៉េ អាយយូ (IU) ថ្មីៗនេះបានព្រមានមនុស្សមួយចំនួនមិនឲ្យក្លែងធ្វើជារូបនាងតាមបណ្តាញសង្គម។
ក្រុមហ៊ុន LOEN Tree ទីភ្នាក់ងាររបស់ អាយយូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយជុំវិញបញ្ហានេះតាមសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នេះសរសេរថា “យើងចង់ដោះស្រាយបញ្ហាអ្នកដែលប្រតិបត្តិគណនីបណ្តាញសង្គមដែលក្លែងធ្វើជា អាយយូ។ យើងសង្ឃឹមថា អ្នកទាំងនោះនឹងឈប់បំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងតាមរយៈការក្លែងធ្វើជារូបនាង"។
តាមពិតទៅមិនមែនមានតែ អាយយូ ទេ ដែលមានបញ្ហាជាមួយនឹងអ្នកបន្លំខ្លួនតាមបណ្តាញសង្គម។ កាលពីឆ្នាំមុន តារាចម្រៀងល្បីៗមួយចំនួនទៀតក៏ប្រឈមនឹងគណនីក្លែងក្លាយតាមបណ្តាញសង្គមផងដែរ។ លី ចង់សក់ បានក្លាយជាជនរងគ្រោះដោយសារតែគេប្រដូចទៅអត្តសញ្ញាណចោរម្នាក់កាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណា បច្ចុប្បន្ន ប្រទេសកូរ៉េមិនទាន់មានគោលការណ៍ជាក់លាក់ក្នុងការដាក់ទោសទណ្ឌចំពោះអ្នកក្លែងបន្លំដើម្បីបោកប្រាស់អ្នកដទៃនោះទេ ហើយសេចក្តីថ្លែងការណ៍នេះប្រហែលជាមិនអាចធ្វើអ្វីបានច្រើន ដើម្បីទប់ស្កាត់ការក្លែងបន្លំខ្លួននេះទេ៕
